បណ្ណសារ​សម្រាប់​សមាន​ក្រុម អក្សរសាស្ត្រ

ស្វែងយល់ពាក្យថា​ «ពិធីករ/ពិធីការនី» និង «អ្នកធ្វើអត្ថាធិប្បាយ»

សួស្តីបងប្អូនអ្នកនិយមរសកាហ្វេនៅតៀមកាហ្វេនេះជាទីមេត្រី!

សូមជម្រាបសួរសុខទុកតាមរយៈអត្ថបទនេះ សង្ឃឹមថាបងប្អូនពិតជាមានសុខភាពល្អបរិបូរនិងប្រកបដោយសុភមង្គលក្នុងជីវិត។

ខ្ញុំពិតជាខានសរសេរអត្ថបទយូរថ្ងៃក្រែលហើយ ធ្វើឲ្យមិត្តអ្នកអានមួយចំនួនដែលនិយមរសកាហ្វេនៅទីនេះខកចិត្ត ចង់ហៅខ្ញុំទៅប៉ាវបាយម្តងម្កាលផង។ ដូច្នេះថ្ងៃនេះខ្ញុំសូមយកឱកាស កោះហៅបងប្អូនមកសិក្សា ស្វែងយល់ និងវែកញែកពីភាពត្រឹមត្រូវ រវាងពាក្យថា «ពិធីករ/ពិធីការនី» និង «អ្នកធ្វើអត្ថាធិប្បាយ» តើមួយណាជាពាក្យដែលប្រើត្រឹមត្រូវបំផុត។

កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានអានអត្ថបទមួយក្នុងប្លុក «គូទខ្យង» ដែលនិយាយពីអតីកាលមួយរបស់លោក គង្គ ប៊ុនឈឿន ត្រង់ចំណុចមួយសរសេរថា៖

ក្នុងសៀភៅ «ទំនួញប៉ាកាស្នេហ៏» ទំព័រទី៣៧ លោកគង្គ ប៊ុនឈឿន បានបានសរសេរថា៖

កាលពីឆ្នាំ ១៩៦០ ខ្ញុំបានឃើញក្រុមភ្លេងក្រសួងឃោសនាការជាតិ ដែលជាក្រុមភ្លេងល្បីឈ្មោះជាងគេនាសម័យនោះ (ព្រោះដឹកនាំដោយតន្រ្តីករជើងចាស់ គឺលោក ពៅ ស៊ីផូ និងលោក ភួង បូផា ព្រមទាំងអ្នកចម្រៀងឯកៗ ដូចជាលោក ស៊ីន ស៊ីសាមុត លោក សុស ម៉ាត់ និងនាង កែវ សេដ្ឋា) បានមកប្រគុំនៅខែត្របាត់ដំបង ក្នុងបេសកកម្មដង្ហែតាមព្រះរាជដំណើរសម្តេចឪជាអម្ចាស់ ដែលកាលណោះនៅជាសម្តេចព្រះឧបយុវរាជ។

ក្នុងរាត្រីដំបូង ដែលប្រគុំនៅមណ្ឌលកីឡាស្ថានខែត្រ ដើម្បីជូនសាធារណជនមើលកម្សាន្តនោះ ខ្ញុំដែលបានទៅមើលក្នុងពេលនោះដែរ បានឃើញលោក ម៉ា ឡៅពី ដែលជាអ្នកធ្វើអត្ថាធិប្បាយ (១) ប្រចាំវង់តន្រ្តី បានតែងទំនុកច្រៀងមួយភ្លាមៗបន្ទាប់ពីឃើញយុវនារីដ៏មានរូបស្អាតម្នាក់ ទៅឈរមើលវង់ភ្លេងនោះដែរ។ ដោយនារីនោះ មានសៀតផ្កាកុលាបក្រហមនៅសក់ លោកក៏បានប្រកាសជាឧឡាឬកនៅពេលនោះថា «ដើម្បីជាអនុស្សាវរីយ៍របស់វង់តន្រ្តីឃោសនាការជាតិ ដែលមកប្រគុំក្នុងខែត្របាត់ដំបងនេះ ខ្ញុំសូមជូនបទចម្រៀងដ៏ថ្មីស្រឡាងមួយបទ ដែលខ្ញុំទើបនឹងតែងរួចអំបាញ់ម៉ិញ ប្រគល់ជូនលោក សុស ម៉ាត់ ច្រៀង ឈ្មោះថាបទ «កុលាបក្រហម»។» read more


(១) បច្ចុប្បន្នគេប្រើពាក្យថា «ពិធីករ»

ត្រង់ចំណុចនេះខ្ញុំចង់លើកមកវិភាគថា តើពាក្យថា«ពិធីករ ឬ ពិធីការនី» ដែលយើងប្រើសំដៅលើអ្នកនិយាយកម្មវិធីទូរទស្សន៍ឬវិទ្យុទាំងនោះ តើចាប់ផ្តើមពីពេលណា? ហើយត្រឹមត្រូវឬទេ?

បើតាមការស្វែងយល់ពីពាក្យរបស់លោកគង្គ ប៊ុនឈឿន គឺឲ្យដឹងថា កាលពីជំនាន់លោកនោះ គេមិនប្រើពាក្យ«ពិធីករ ឬពិធីការនី» នេះទេ គឺគេប្រើពាក្យថា «អ្នកធ្វើអត្ថាធិប្បាយ»។ ព្រោះតាមខ្ញុំយល់ ខ្ញុំគិតថាពាក្យថា «ពិធីករ ឬ ពិធីការនី» ដែលយើងប្រើរាល់ថ្ងៃនេះ គួរប្រើជាមួយអ្នករៀបចំកម្មវិធី ឬអ្នកទទួលបន្ទុក និងគ្រប់គ្រងកម្មវិធី។ ឧទា. លោក អ៊ិត សេដ្ឋា ដែលជាអ្នកគ្រប់គ្រង និងរៀបចំកម្មវិធីមន្តស្នេហ៏សំនៀង របស់ទូរទស្សន៍ CTN លោកអាចហៅបានថា ជាពិធីករ តែបើសិនករណីលោក គ្រាន់តែជាអ្នកនិយាយ ឬធ្វើអត្ថធិប្បាយនៅលើឆាក ដែលស្ថិតក្រោមការគ្រប់គ្រងពីមនុស្សដទៃផ្សេងទៀត គាត់ត្រូវបានហៅថា ជាអ្នកធ្វើអត្ថាធិប្បាយតែប៉ុណ្នោះ។

ការយល់ឃើញរបស់ខ្ញុំនេះ ខ្ញុំមិនឲ្យតម្លៃថាត្រឹមត្រូវ ឬយ៉ាងណាទេ។ ឱកាសបន្តនេះ ខ្ញុំសូមប្រគេន និងអញ្ជើញបងប្អូនដែលចូលចិត្តការសិក្សាពីពាក្យខ្មែរ ចូលរួមផ្តល់មតិ ចែករំលែកការចេះដឹងតាមការគួរផងចុះ។

———————————-

Related Articles

មតិ 2

អំពី”បុណ្យចូលឆ្នាំប្រពៃណីខ្មែរ”

មនុស្ស​​គ្រប់​​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ ដែល​ជា​ប្រពៃណី​​របស់​​ប្រជាជាតិ​រៀងៗ​​​ខ្លួន គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃការរៀបចំ​បុណ្យ​នេះ​ បែ្លកៗ​​គ្នា​ស្រប​ទៅ​​តាមជំនឿ​ទំនៀម​ទម្លាប់​និង​ប្រពៃណី​​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង​ក៏​មាន​ប្រវតិ្ត​​ធ្វើ​​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មកដែរ។ យើង​បាន​ប្រទះ​ឃើញ​​​​​​​ឯកសារ​​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​ និង​ឧស្សាហ៍​បាន​ស្តាប់​ការ​និទាន​​រឿង​របស់​ចាស់ទុំ​ជា​ច្រើន 

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមានសេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ​ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស ​រៀន​ចេះចប់​​ត្រៃវេទ​​តាំង​ពី​អាយុ​​បាន ឆ្នាំ។  សេដ្ឋី​បិតា​​បាន​​សាងប្រាសាទ​​ឲ្យ​​នៅ​​ទៀប​​ដើម​​ជ្រៃ​​មួយ​​ធំ​នៅ​ឆេ្នរ​ទនេ្ល​ដែល​ជា​ទី​​នៅ​នៃ​បក្សី​ទាំង​​ឡាយ​ ​ធម្មបាល​កុមា​នោះ បាន​ចេះ​ទាំង​ភាសាបក្សីទាំង​ពួង​ផង អានបន្ត »

បញ្ចេញមតិ

ព្រះបាទ​ធម្មឹក

១.សារសំខាន់របស់អ្នកដឹកនាំ

អ្នកដឹកនាំ នាយក ប្រធាន ប្រធានាធិបតី រាជា ប្រមុខ ប្រមុខរដ្ធ មាន​​​សារ​​សំខាន់​យ៉ាង​ណា​​​ខ្លះ​ចំពោះ​​​ប្រជារាស្រ្ត​ និង​សង្គម​ដែល​ខ្លួន​គ្រប់​គ្រង និង​មើល​ការ​ខុស​ត្រូវ​នោះ?​ ខ្ញុំ​គិត​ថា​​អ្នក​អាន​គង់​នឹង​យល់​ជា​មិន​ខាន។​ ក្នុង​ទីនេះ​ ​ខ្ញុំ​សូម​លើក​យក​ទស្សនៈ​របស់​ព្រះ​សម្មាសម្ពុទ្ធ មេ​ដឹកនាំ​មួយ​យ៉ាង​ធំ ដែល​ពិភព​លោក​ទទួល​ស្គាល់ និង​ជឿ​ពុទ្ធ​ដីកា​របស់​លោក​ថា​មាន​សច្ចភាព​ យក​មក​ជូន​មិត្ត​អ្នកអាន​ដោយ​ផ្ទាល់​តែ​ម្តង។​ ទស្សនៈ​របស់​ព្រះ​អង្គ​នេះ ទ្រង់​សម្តែង​នៅ​ក្នុងគម្ពីរ​ព្រះ​សុត្តន្ត​បិដក​អង្គុត្តរ​និកាយ​ ចតុក្ក​និបាត។​ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះអង្គ​ប្រើ​ពាក្យ​ព្រះរាជា​​សំរាប់​សំគាល់​អ្នក​ដឹកនាំ​ប្រទេស​ទូទៅ​ ដូច្នេះ សូម​អ្នក​អាន​សំគាល់​ពាក្យ​ព្រះ​រាជានេះ ជា​វេវចនៈ​នឹង​ពាក្យ​អ្នក​ដឹកនាំ នាយក ប្រធាន ប្រធានាធិបតី​ រាជា ប្រមុខ ប្រមុខរដ្ធ ឬនាយករដ្ធមន្ត្រីផងចុះ។ អានបន្ត »

មតិ 4

គេហ​ទំព័រ​រៀន​​អក្សរ​ខ្មែរ​

​ជារឿង​មួយ​គួរ​ឲ្យ​មោទនៈផងដែរសម្រាប់ខ្ញុំ​ នឹង​សម្រាប់​ជាតិ​ខ្មែរ​ទាំង​មូល​។ ពេល​នេះ​គេហទំព័រ​រៀន​អក្សរខ្មែរ​ចាប់​ផ្តើម​ចេញ​ជា​រូប​រាង​ហើយ​ ដែល​មាន​ទាំង​អក្សរ ទាំង​​​របៀប​សរសេរ និងការបញ្ចេញ​សម្លេង​ តែស្ថិត​នៅក្នុង​ការ​រៀបចំ​បន្ថែម​នៅ​ឡើយ​។

សូម​ណែនាំ​គេហទំព័រនេះ​​ ទៅ​កាន់​មិត្ត​បរទេស​របស់​អ្នក​ដែល​ចង់​រៀន​អក្សរខ្មែរ​ ឬ​បង្រៀន​​កូន​ក្មួយ​តូចៗ​​របស់​អ្នក​ចាប់​ពីពេលនេះ​តទៅ​!

សូម​ចូល​ទៅកាន់គេហទំព័រ​ www.ilearnkhmer.com/ilearnkhmer.htm

មតិ 13

ឆ្ងល់ពាក្យ “កម្ពុជា” (កាំ ឬ កម ឬ កំ – ពុច – ជា)

ខ្ញុំឆ្ងល់ពីពាក្យ “កម្ពុជា” ដែល​ជា​ឈ្មោះខេមរប្រទេសរបស់យើង តើសូរ​​ ឬ​សម្លេង​​នៃពាក្យ​ថា​ “កម្ពុជា” នេះ​អានថា៖ កាំកមកំពុច – ជា ! ! !

ខ្ញុំ​ដឹង​ថា​មាន​ភាព​មិន​ចុះសម្រុង​ ក៏ដូចជាការ​មិន​ស្រប​មតិ​គ្នា​ជា​ច្រើន​ ជុំវិញ​ការ​​អាន​ឈ្មោះ​ប្រទេស​របស់​ខ្លួន។

កាលពីមុន​ខ្ញុំ​ធ្លាប់​តែ​ឮគេ​អាន​ថា​ កាំ ពុច ជា (ចាស់ៗហៅតែចឹង) តែក្រោយ​មក​បែរ​ជា​គេ​អាន​ទៅ​ជា​ កម កំ ពុច ជា វិញ (ខ្ញុំ​ឮអ្នក​និយាយ​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​អាន​បែប​នេះ​) ដោយ​ឮទស្សនៈខ្លះ​​យល់​ឃើញ​ថា​ ការ​អាន​ថា កាំ ពុជ ជា ដែលសម្លេង​អាន​ថា​​ កាំ នេះ​ ស្រដៀង​នឹង​ កម្ម ដែល​មាន​ន័យ​ថា​​ “មានបាប ឬ ពៀរ” ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​មិន​រុងរឿង​ ឬគ្មាន​ហុងស៊ុយ។

តាម​វចនានុក្រម​​អេឡិចត្រូនិច​កំណែទី២ របស់​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត បាន​សរសេរថា​៖

កម្ពុជ ៖ (ន.) (សំ.) (បា.) (ក័ម – ពុច ឬ ក័ម – ពុជៈ) ម. ព. កម្ពុជ ឬ កម្ពុជា។

តើ ក + ័ + ម (ក័ម) នេះអានថា កាំកំកម ?

បើអត្ថន័យនៃពាក្យ កម្ពុ ប្រែថា មាស មិនមែន ស្មើនឹង​ កម្ម ដែល​ប្រែថា មានបាប មានវេរា ឬ អកុសលនោះទេ។

តើ​បង​ប្អូន​យល់​យ៉ាង​ណា​ចំពោះ​សម្លេង​នៃ​ការ​អាន​ពាក្យ​ខាងលើ “កម្ពុជា” នេះ!  ជួយ​ស្រាយ​​ចម្ងល់ខ្ញុំ​​ផង។

អានផងដែរ៖

១ – កម្ពុជា

២- Adhémard Leclère: កម្ពុជា​ = ប្រទេស​ចោរ​សមុទ្រ

៣-កាសែតព្រៃនគរ “កម្ពុជា” អានថា( ក័ម ពុ ជា ឬ កម ពុ ជា ) ?

មតិ 54

បង​​ប្អូន​​នៅ​​សុរិន្ទ​​អាច​​រៀន​​អក្សរ​​ខ្មែរ​​បាន​​ហើយ

ខ្ញុំ​មាន​អារម្មណ៍​ថា​រំភើប​ក្រោយ​ពេល​បាន​ទទួល​ដំណឹង​នេះ​តាម​រយៈ សារព័ត៌​មាន​​សេរី។ វា​ខុស​ប្លែក​ពី​អតីតកាល​​ក្រោយ​ពេល​ដែល​ទឹកដី​ដូន​តា​របស់​យើង​មួយ​ចំនួន ​ដូច​ជា​សុរិន្ទ​ ស្រះ​កែវ​ ត្រាត… និង​ជាច្រើនផ្សេង​ទៀត (បណ្តា​ខែត្រខាងលើ​)​​ ត្រូវ​បាន​កាត់​ទៅ​ឲ្យ​ប្រទេស​សៀម ឬប្រទេស​ចោរ​​គ្រប់​គ្រង ដោយ​អា​ណា​ព្យា​បាល​ប៉ោត​បារាំង​សេះ។ កុំរំលឹកទៅដល់​អតីកាល​នោះ​វា​នាំ​តែ​ឈឺ​ចាប់​ និង​នាំ​គេ​គិត​ថា​ខ្ញុំ​ជាតិនិយម​ជ្រុល​។

តាម​រយៈ​សារព័ត៌មាន​សេរី ចេញផ្សាយ​តាម​អនឡាញ​ព្រឹក​នេះ​បាន​ឲ្យដឹង​ថា​ មូល​និធិ​​ទ្រទ្រង់​អរិយធម៌​ខ្មែរ របស់ លោក​មឿង សុន (បច្ចុប្បន្នកំពុង​រស់​នៅ​គេច​ខ្លួន​ឯ​ក្រៅប្រទេស ​ដោយ​សារ​​រពឹសមាត់​ក្នុង​រឿង​ក្តី​អំពូល​ភ្លើង​អង្គរ) បាន​បង្កើត​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ជាលើក​ដំបូង​​របស់​ខ្លួន​នៅ​ក្នុង​ខែត្រ​សុរិន្ទ​ប្រទេស​សៀម​ អតីតដី​ខ្មែរ​។

ការ​បើក​បង្រៀន​ជា​លើក​ដំបូង​នេះ ​មានសិស្ស​ចូល​រៀន​ចំនួន​៣៨នាក់​ ដែល​ក្នុង​នោះ​ចាប់​​​ពី​អាយុ​១០ឆ្នាំ​ឡើង​ទៅ​។ ហើយ​ការ​បណ្តុះបណ្តាល​អក្សរខ្មែរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​គ្រូ​មក​ពី​ប្រទេស​កម្ពុជា​ និង​មាន​កិច្ច​សហការណ៍​ពី​សមាគមន៍​សៀម​ ឬថៃ​ចំនួន​ពីរ។

នៅ​ខែត្រសុរិន្ទ​ ក៏មាន​ការ​បង្រៀន​អក្សរ​ខ្មែរ​ដោយ​សមាគមន៍​មួយ​ផ្សេង​ទៀត​ ដែល​ដឹក​នាំ​​ដោយ​ខ្មែរ​សុរិន្ទម្នាក់​ គឺ​លោក​ជ័យ មង្គល ដែ​ល​កំពុង​ប្រតិបត្តិ​ការ​សកម្មភាព​របស់​ខ្លួន។

សូមអានព័ត៌មាន​ពិស្តារ​ ចុចទីនេះ!

ខ្ញុំ​មាន​មោទនៈភាព​ និង​សង្ឃឹម​ថា​​សកម្មភាពនេះ​នឹង​បន្ត​មាន​ជានិច្ច​ ហើយ​សាយភាយ​ទៅ​កាន់​ខែត្រ​ផ្សេង​ទៀត​ ​ដែល​មាន​បងប្អូន​ដើមកំណើត​ខ្មែរ​យើងរស់នៅ​​ និង​ជា​អតីត​ដី​ខ្មែរ​ ដែល​អាច​ថែរក្សារ​នូវ​តម្លៃ​អក្សរ​សាស្រ្ត​ជា​តិ​ វប្បធម៌ និង​អរិយធម៌​ខ្មែរ​​ ឲ្យ​មាន​ជីវិត​ជា​និរន្ត៍​ នៅ​លើទឹក​ដី​ដូនតា​យើង​។

 

មតិ 11