បណ្ណសារ​សម្រាប់​សមាន​ក្រុម ទស្សនៈខ្ញុំ

ស្វែងយល់ពាក្យថា​ «ពិធីករ/ពិធីការនី» និង «អ្នកធ្វើអត្ថាធិប្បាយ»

សួស្តីបងប្អូនអ្នកនិយមរសកាហ្វេនៅតៀមកាហ្វេនេះជាទីមេត្រី!

សូមជម្រាបសួរសុខទុកតាមរយៈអត្ថបទនេះ សង្ឃឹមថាបងប្អូនពិតជាមានសុខភាពល្អបរិបូរនិងប្រកបដោយសុភមង្គលក្នុងជីវិត។

ខ្ញុំពិតជាខានសរសេរអត្ថបទយូរថ្ងៃក្រែលហើយ ធ្វើឲ្យមិត្តអ្នកអានមួយចំនួនដែលនិយមរសកាហ្វេនៅទីនេះខកចិត្ត ចង់ហៅខ្ញុំទៅប៉ាវបាយម្តងម្កាលផង។ ដូច្នេះថ្ងៃនេះខ្ញុំសូមយកឱកាស កោះហៅបងប្អូនមកសិក្សា ស្វែងយល់ និងវែកញែកពីភាពត្រឹមត្រូវ រវាងពាក្យថា «ពិធីករ/ពិធីការនី» និង «អ្នកធ្វើអត្ថាធិប្បាយ» តើមួយណាជាពាក្យដែលប្រើត្រឹមត្រូវបំផុត។

កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានអានអត្ថបទមួយក្នុងប្លុក «គូទខ្យង» ដែលនិយាយពីអតីកាលមួយរបស់លោក គង្គ ប៊ុនឈឿន ត្រង់ចំណុចមួយសរសេរថា៖

ក្នុងសៀភៅ «ទំនួញប៉ាកាស្នេហ៏» ទំព័រទី៣៧ លោកគង្គ ប៊ុនឈឿន បានបានសរសេរថា៖

កាលពីឆ្នាំ ១៩៦០ ខ្ញុំបានឃើញក្រុមភ្លេងក្រសួងឃោសនាការជាតិ ដែលជាក្រុមភ្លេងល្បីឈ្មោះជាងគេនាសម័យនោះ (ព្រោះដឹកនាំដោយតន្រ្តីករជើងចាស់ គឺលោក ពៅ ស៊ីផូ និងលោក ភួង បូផា ព្រមទាំងអ្នកចម្រៀងឯកៗ ដូចជាលោក ស៊ីន ស៊ីសាមុត លោក សុស ម៉ាត់ និងនាង កែវ សេដ្ឋា) បានមកប្រគុំនៅខែត្របាត់ដំបង ក្នុងបេសកកម្មដង្ហែតាមព្រះរាជដំណើរសម្តេចឪជាអម្ចាស់ ដែលកាលណោះនៅជាសម្តេចព្រះឧបយុវរាជ។

ក្នុងរាត្រីដំបូង ដែលប្រគុំនៅមណ្ឌលកីឡាស្ថានខែត្រ ដើម្បីជូនសាធារណជនមើលកម្សាន្តនោះ ខ្ញុំដែលបានទៅមើលក្នុងពេលនោះដែរ បានឃើញលោក ម៉ា ឡៅពី ដែលជាអ្នកធ្វើអត្ថាធិប្បាយ (១) ប្រចាំវង់តន្រ្តី បានតែងទំនុកច្រៀងមួយភ្លាមៗបន្ទាប់ពីឃើញយុវនារីដ៏មានរូបស្អាតម្នាក់ ទៅឈរមើលវង់ភ្លេងនោះដែរ។ ដោយនារីនោះ មានសៀតផ្កាកុលាបក្រហមនៅសក់ លោកក៏បានប្រកាសជាឧឡាឬកនៅពេលនោះថា «ដើម្បីជាអនុស្សាវរីយ៍របស់វង់តន្រ្តីឃោសនាការជាតិ ដែលមកប្រគុំក្នុងខែត្របាត់ដំបងនេះ ខ្ញុំសូមជូនបទចម្រៀងដ៏ថ្មីស្រឡាងមួយបទ ដែលខ្ញុំទើបនឹងតែងរួចអំបាញ់ម៉ិញ ប្រគល់ជូនលោក សុស ម៉ាត់ ច្រៀង ឈ្មោះថាបទ «កុលាបក្រហម»។» read more


(១) បច្ចុប្បន្នគេប្រើពាក្យថា «ពិធីករ»

ត្រង់ចំណុចនេះខ្ញុំចង់លើកមកវិភាគថា តើពាក្យថា«ពិធីករ ឬ ពិធីការនី» ដែលយើងប្រើសំដៅលើអ្នកនិយាយកម្មវិធីទូរទស្សន៍ឬវិទ្យុទាំងនោះ តើចាប់ផ្តើមពីពេលណា? ហើយត្រឹមត្រូវឬទេ?

បើតាមការស្វែងយល់ពីពាក្យរបស់លោកគង្គ ប៊ុនឈឿន គឺឲ្យដឹងថា កាលពីជំនាន់លោកនោះ គេមិនប្រើពាក្យ«ពិធីករ ឬពិធីការនី» នេះទេ គឺគេប្រើពាក្យថា «អ្នកធ្វើអត្ថាធិប្បាយ»។ ព្រោះតាមខ្ញុំយល់ ខ្ញុំគិតថាពាក្យថា «ពិធីករ ឬ ពិធីការនី» ដែលយើងប្រើរាល់ថ្ងៃនេះ គួរប្រើជាមួយអ្នករៀបចំកម្មវិធី ឬអ្នកទទួលបន្ទុក និងគ្រប់គ្រងកម្មវិធី។ ឧទា. លោក អ៊ិត សេដ្ឋា ដែលជាអ្នកគ្រប់គ្រង និងរៀបចំកម្មវិធីមន្តស្នេហ៏សំនៀង របស់ទូរទស្សន៍ CTN លោកអាចហៅបានថា ជាពិធីករ តែបើសិនករណីលោក គ្រាន់តែជាអ្នកនិយាយ ឬធ្វើអត្ថធិប្បាយនៅលើឆាក ដែលស្ថិតក្រោមការគ្រប់គ្រងពីមនុស្សដទៃផ្សេងទៀត គាត់ត្រូវបានហៅថា ជាអ្នកធ្វើអត្ថាធិប្បាយតែប៉ុណ្នោះ។

ការយល់ឃើញរបស់ខ្ញុំនេះ ខ្ញុំមិនឲ្យតម្លៃថាត្រឹមត្រូវ ឬយ៉ាងណាទេ។ ឱកាសបន្តនេះ ខ្ញុំសូមប្រគេន និងអញ្ជើញបងប្អូនដែលចូលចិត្តការសិក្សាពីពាក្យខ្មែរ ចូលរួមផ្តល់មតិ ចែករំលែកការចេះដឹងតាមការគួរផងចុះ។

———————————-

Related Articles

មតិ 2

រដ្ឋាភិបាលមានអំណួត តែខ្ញុំថាគួរឲ្យអាម៉ាស់

ក្នុង​អត្ថបទសារព័ត៌មានខ្មែរ​ដែលខ្ញុំ​អានព្រឹក​នេះ មានចំណងជើងថា

“នាយករដ្ឋមន្ត្រី​៖ មកដល់ពេលនេះ ពលករ​ខ្មែរ​ទៅ​បម្រើ​នៅក្រៅ​ប្រទេស​ជិត ២ សែន​នាក់”

លោក​នាយករដ្ឋមន្ត្រី​ដែល​តំណាង​ឲ្យរដ្ឋាភិបាល​​បាន​លើក​ឡើងថា រដ្ឋាភិបាល​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ណាស់ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​ផ្សេងៗ ដើម្បី​ធានា​សុវត្ថិភាព សម្រាប់​ពលករ​ខ្មែរ ដែល​កំពុង​បំរើការ​ងារ​នៅ​បរទេស ចំនួន ១៧៧.៤០២ នាក់ ។

ពួក​គេត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រ នៅក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី ជប៉ុន និង​កូរ៉េខាងត្បូង​។ រដ្ឋាភិបាល​បាន​ប៉ាន់ប្រមាណ​ថា ក្នុង​មួយឆ្នាំ ពួកគេ​អាច​ផ្ញើ​ប្រាក់​ជា​មធ្យម​ប្រហែល ១៨០ លាន​ដុល្លារ មក​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​កំណើត​របស់ខ្លួន​។​

———————-

​រដ្ឋាភិបាល​ហាក់បី​ដូចជាមានអំណួត​ តែសម្រាប់ខ្ញុំ ខ្ញុំថា​គួរឲ្យ​អាម៉ាស់​ខ្លាំងណាស់ ដែល​ខ្លួនគ្មាន​សមត្ថភាពគ្រប់គ្រាន់​បង្កើតការងារឲ្យ​ពលរដ្ឋខ្លួន​ធ្វើក្នុងស្រុក ដែលមាន​ប្រាក់បៀរវត្តន៍សមរម្យ​ រស់នៅជួបជុំ​គ្រួសារ ជួបជុំ​ជាតិសាសន៍ឯង។ តើ​នរណាទៅ ដែលចង់ឆ្ងាយពី​ស្រុកកំណើត​? តើ​នរណាទៅដែល​ចង់ទៅធ្វើខ្ញុំគេ​ដល់​ចម្ងាយរាប់ពាន់​គីឡូ​ពីស្រុក? តើ​នរណាទៅ​ចង់​ឃ្លាតចាក​ពីក្រុមគ្រួសារខ្លួនឯង? ​

​តួរលេខខាង​លើនេះ ជា​តួរលេខអ្នកធ្វើការ​ស្របច្បាប់ នេះមិនទាន់​រាប់អ្នក​ផ្សងព្រេងចូល​កាប់ឈើ​ដីគេ​លើ​ភ្នំដងរែកដែល​គេ​បាញ់​ស្លាប់ស្ទើរ​រាល់ថ្ងៃ អ្នក​ដើរកប៉ាល់​ផ្សង​ព្រេង​លើ​មហាសាគរ អ្នក​ទៅធ្វើសំណង់​ដោយ​ខុសច្បាប់​​នៅ​ប្រទេសសសៀម ខ្លះ​ក៏ញៀន​គ្រឿងញៀនផង ខ្លះធ្វើ​ស្រីខូចផង អ្នកបំរើតាមផ្ទះ​ដែល​ត្រូវ​គេរំលោភបំពាន​ផង ស្លាប់នៅ​ឯស្រុកគេ​ខ្លះផង។ល។ បើ​រាប់​បងប្អូនទាំង​នោះផង ប្រហែល​ប្រាក់ចំណូល​ជិត​ដល់២០០លានដុល្លាឯណោះ។

អួតទៅ អួតនឹង​កម្សោយ​របស់ខ្លួនទៅ! រដ្ឋាភិបាល​ដែល​អសមត្ថភាព​ទប់ស្កាត់ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ គ្មាន​សមត្ថភាពបង្កើត​ការងារ​ឲ្យប្រជាពលរដ្ឋមាន​បៀរវត្តន៍​គ្រប់គ្រាន់ គិត​តែពីសម្បទានដី​ធ្លី​​រាប់សិបឆ្នាំ ដោយមិន​ដោះស្រាយ​ឲ្យបាន​ត្រឹមត្រូវ​ពី​ទឹក​ភ្នែក​រាស្រ្ត​ដែល​ជួប​ផលវិបាក ដែល​ត្រូវ​គេរំលោភបំពាន! ខ្មែរអើយខ្មែរ!

មតិ 7

គេច​ពី​ពុករលួយ – Repost

ខ្ញុំធ្លាប់​ដាក់​ប្រកាស​នេះម្តងរួចហើយ​កាលពី​មួយ​ឆ្នាំមុន។ ថ្មីៗនេះ​ ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​ គាត់គឺ​ជា​និស្សិត​ច្បាប់។ គាត់​​ប្រាប់ខ្ញុំ​ថា​ គាត់ជិត​ប្រឡង​មេធាវីហើយ វាគឺ​ជា​រឿង​ដែល​គាត់​​ខ្វល់ខ្វាយ​ជា​ខ្លាំង។

គាត់​ប្រាប់ខ្ញុំថា “សមត្ថភាពខ្ញុំមិនសូវពូកែទេ តែខ្ញុំមានទំនុកចិត្ត តែខ្វះ$

ខ្ញុំសួរ​ថា “តើ​គេ​ត្រូវ​ការ​ប៉ុន្មាន?”

គាត់​ឆ្លើយថា “18000$$$”

ខ្ញុំ​រាប់​​ពីសូន្យ​ថយក្រោយ ១ ២ ៣ ៤ ៥ ឃើញថា​ មួយម៉ឺនប្រាំបីពាន់​ដុល្លាអាគាំងពេញបឹប! ញាក់សាច់!!!!

គ្រាន់តែប្រឡងមេធាវី គាត់ត្រូវ​ចំណាយប្រាក់ដល់​ជិត​ពីរម៉ឺនដុល្លា​។

ខ្ញុំសួរគាត់ទៀតថា៖ ចុះប្រើប្រឡងមិនជាប់ ជំហ៊ានបន្ទាប់ជាអ្វី?

គាត់ថា៖ ត្រូវ​រៀន​បន្ថែមទៀត។ នៅពេល​ដែលបញ្ចប់ការ​រៀន​មេធាវី គឺ​ត្រូវ​ចុះ​កម្មសិក្សាស្បថក្លាយ​ជា​មេធាវី​ពេញសិទ្ធ។

ខ្ញុំសួរថា៖ គេ​ស្បថយ៉ាង​ម៉េច? ហើយ​ជឿលើ​ការ​ស្បថ​ដែរទេ?

គាត់ឆ្លើយថា៖ អត់ទេ! ស្បថគ្រាន់តែ​ឲ្យហើយៗទេ។ អានបន្ត »

បញ្ចេញមតិ

ស្រា..

គ្មាន​សេចក្តី​អាក្រក់​ឯណា​​ដែល​មិន​អាច​ប្រែ​ជា​សេចក្តី​ល្អ​នោះទេ ហើយ​ក៏គ្មាន​សេចក្តី​ល្អឯណា​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​នោះដែរ​។

ស្រា ឬសុរា.. ថ្វី​ត្បិត​តែ​យើង​ដឹង​ពី​អត្ថ​ន័យ​របស់​ពាក្យ​ “សុរា” យើង​យល់​​ពី​ឥទ្ធិពល​របស់​ “សុរា” សុរា​ធ្វើ​ឲ្យ​ខូច​សុខភាព សុរាគឺ​ជា​គ្រឿង​ស្រវឹង មាន​មនុស្ស​ជា​ច្រើន​​ត្រូវ​បាន​”សុរា”​បោក​បញ្ឆោតឲ្យ​ភ្លេចឪភ្លេច​​ម៉ែ ភ្លេច​ស្រែ​ភ្លេច​ភ្លឺភ្លេច​ផ្ទះ​សម្បែង ភ្លេច​ប្រពន្ធ​ភ្លេច​កូន ភ្លេច​ស្មារតី​ តែ​ក៏មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​បាន​ប្រើ “សុរា”​ ក្នុង​សេចក្តី​ល្អ និង​មាន​ប្រសិទ្ធភាព។

ខ្ញុំ​សរសេរ​អត្ថបទ​នេះ មិន​មែ​ន​មាន​ន័យ​ថា​គាំទ្រ​ឲ្យ​គ្រប់​គ្នា​រៀន​ផឹក​ស្រា​នោះទេ ហើយ​ក៏​មិន​មែន​គាំទ្រ​អ្នក​កំពុង​ផឹក​ស្រា​កាន់​តែ​ផឹក​ទៀត​នោះ​ដែរ។ ពាក្យ​ខ្មែរ​ពោល​ថា “មនុស្ស​ឆ្កួតបី ឆ្កួតស្រី ឆ្កួត​ល្បែង និង​ឆ្កួត​ស្រា”។ ​ចូរ​យើង​ទន្ទេញ​ពាក្យ​នេះ​ឲ្យ​ចាំ​ស្ទាត់ មុន​នឹង​យើង​ដាក់ចិត្ត​ស្រឡាញ់​ចង់បាននរណា​ម្នាក់​ មុន​នឹង​យើង​ដក​លុយ​ភ្នាល់​ល្បែងស៊ីសង​ និង​មុន​នឹង​យើង​លើក​កែវ​ស្រា​ក្រេបឱជារស​ដ៏​ឆ្ងាញ់​របស់​វា។ តែ​ពេល​នេះ​ខ្ញុំ​លើក​យក​តែ​រឿង​សុរាមួយ​មុខ​ប៉ុណ្នោះ​​មក​សង្ខេប​។ យើង​នឹង​មិន​បរិយាយ​តាម​បែប​សាសនា​នោះទេ។

យើង​បាន​ដឹង​ថា​សង្គម​ខ្មែរ​បច្ចុប្បន្ន​ មាន​មនុស្ស​ជា​ច្រើន​បាន​រងគ្រោះ​ដោយ​សារ​ស្រា ទាំង​ផ្ទាល់​និង​ដោយ​ប្រយោល។ ​តើ​អ្វី​ជា​ការ​រង​គ្រោះ​​ដោយផ្ទាល់​ ហើយ​អ្វី​ជា​ការ​រងគ្រោះ​ដោយ​ប្រយោល? អានបន្ត »

មតិ 14

មូលហេតុ៣យ៉ាង​ដែល​ខ្ញុំ​មិនគាំទ្រ​ឲ្យ​មាន​​សាលាក្តីខ្មែរ​ក្រហម​

ការជំនុំ​ជម្រះទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​​នៃរបប​​វាលពិឃាត​​ខ្មែរក្រហម​ ​ដែល​គេរង់ចាំ​​យុត្តិធម៌​​ជាង​​បី​​ទសវត្សរ៍​​នេះ​ បាន​ចាប់ផ្តើម​​ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ។ ក្នុងសំនុំរឿង​ ០០២នេះ មាន​ជនជាប់ចោទចំនួន​៤នាក់គឺ​ នួន ជា​ បងធំទី២​ ខៀវ សំផន​ ប្រមុខរដ្ឋអៀង សារី​រដ្ឋមន្ត្រី​ការបរទេស ចំណែកលោក​ស្រី​អៀងធារិទ្ធ អតីត​រដ្ឋមន្ត្រី​សង្គម​កិច្ច​ការងារ​​ត្រូវ​តុលាការ​​សម្រេច​​ថា​មិនអាច​​កាត់ទោស​​បាន​​ដោយ​សារ​​ជំងឺ​​បាត់​​ការ​ចងចាំ។

អ្នកទាំងនោះ ត្រូវ​តុលាការ​​ដែលចូលរួម​ដោយ​អ.ស.ប​ ចាប់ផ្តើម​ជំនុំ​​ជម្រះ​​ទោស​​ពីបទ​​ឧក្រិដ្ឋកម្ម​​សង្គ្រាម ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​នឹង​​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​​ប្រល័យ​​ពូជសាសន៍​​ជាដើម​ ដែល​​មាន​​ពលរដ្ឋ​​ជិត​​ពីរ​លាន​នាក់​​ត្រូវ​ស្លាប់​​ដោយ​​ទារុណកម្ម​ ការ​បង្អត់​អាហារ​ ការបង្ខំ​ឲ្យ​ធ្វើ​ការ​​ហួស​កម្លាំង​ ការរំលោភ​​ផ្លូវភេទ​ ការសម្លាប់​​រង្គាល​​ក្រៅ​ច្បាប់​​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​​ទៀត។​ ក្រុម​ខ្មែរ​ក្រហម​​ទាំងនេះ​​ត្រូវ​គេ​​ចោទ​​ថា​បាន​ប្រព្រឹត្ត​ការ​សម្លាប់​​រង្គាល​ កាល​ពី​ចន្លោះ​ ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។

សម្រាប់ជា​ទស្សនៈរបស់​ខ្ញុំផ្ទាល់ ខ្ញុំ​មិន​ដែល​គាំទ្រ​ឲ្យមាន​សាលា​ក្តី​នេះទាល់តែសោះ​ ដោយ​សំអាង​លើ​ហេតុផល៣យ៉ាង៖ អានបន្ត »

មតិ 25

ទស្សនីយ៍ភាព​តំបន់​ទេសចរណ៍​ទឹក​ភ្នែក​ក្រហម

វា​ពិត​ជា​មិន​ថ្មី​ពេកទេ ហើយ​ក៏​មិន​បាន​ក្លាយ​ជា​រឿង​ចម្លែក​ដែរ​នៅ​កម្ពុជា​ តើ​ខ្ញុំ​អា​ច​ជាប់​ទោស​ពីបទ​“ញុះញង់​” នឹង​គេ​ដែរ​ទេ​ នៅពេល​ដែល​ខ្ញុំ​សរសេរ​អត្ថបទនេះ។

ភាព​រាងចាល ​មិន​ត្រូ​វ​បាន​លុប​លើ​ទឹក​ភ្នែក​ដែល​កំពុង​តែ​ស្រក់​ដូច​ទឹក​បាក់​ទំនប់​បាន​ទេ។ តែការគំរាម​កំហែង ​វាយ​ដំ​ច្រំធាក់ និង​សំពងក្បាល​ដូច​សត្វ កំពុង​តែ​ធ្វើ​ឲ្យ​ភាព​ទន់​ខ្សោយ​កាន់​តែ​រឹង​មាំទៅវិញ។

“មាន​លុយ​អភិវឌ្ឍន៍ តែមាន​គំនិត​ដូច​ឆ្កែ” វាបាន​ឮចេញ​ពីបបូរមាត់​រាស្រ្ត។ ចូរ​អស់លោក​​កុំទើស​ទាល់​ ឬរអែង​ចិត្តអីនឹង​ទទួល​យកពាក្យ​នេះ វាពិត​ជា​សម​នឹង​អ្នក។

តើ​ឯណា​ទៅ​យុត្តិធម៌? ឯណា​ទៅ​សេរីភាព​នៃ​ការ​រស់រាន​មាន​ជីវិត? តើខ្ញុំ​រស់​បាន​រហូត​​ដល់ពេលណា?

តើសមវេលាហើយឬនៅ?

ទស្សនីយ៍ភាព​តំបន់​ទេសចរណ៍​ទឹក​ភ្នែកក្រហម

——————–

Related Articles

មតិ 4

កើត​មួយ​ជាតិ​ ធាតុ​មួយចាន

ព្រះ​បាន​សម្តែង​ថា​ ធ្វើ​ល្អ​ បានល្អ ធ្វើ​អា​ក្រក់​​ បាន​អា​ក្រក់ ដាំសណ្តែក​ មុខ​ជា​មិន​បាន​ជា​ត្រសក់​នោះទេ កើត​ ចាស់​ ឈឺ​ ស្លាប់​ ជា​វាលវដ្ត​សង្សារ អ្វី​ទៅ​ជា​ វាលវដ្តសង្សារ ជា​ដំណើរនៃ​ កើត ចាស់​ ឈឺ​ ស្លាប់​ នោះឯង។ មាន​រូប​មាន​ទុក្ខ ខ្លួន​មិន​មែន​ជា​របស់ខ្លួន ការ​ដែល​មា​ន​សេចក្តី​លោភលន់ រមែង​នាំ​មក​នូវ​ សេចក្តី​ព្រួយ​កង្វល់​ជា​ធម្មតា ព្រួយ​កង្វល់ខ្លាច​បាត់​បង់​រូប​ឆោម ព្រួយ​កង្វល់ខ្លាចបាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ព្រួយ​កង្វល់​ខ្លាច​មិន​បាន​វត្ថុ​ជា​ទីគាប់.. មនុស្ស​ល្អធ្វើ​អាក្រក់​ជា​រឿង​ងាយ តែមនុស្ស​អាក្រក់​ មិន​ងាយ​ក្លាយ​ជា​ព្រាហ្ម​បាន​ឡើយ តែកុំ​ឲ្យមនុស្ស​អាក្រក់​ធ្វើ​អ្នក​ដឹង​នាំ ព្រោះ​វានាំ​ឲ្យ​វិនាស​.. នៅតែ​​ចាក​មិន​ឆ្ងាយ​ពី​ការ​កាប់​សម្លាប់ ដើម្បី​អំណាច បុណ្យ​សក្តិ មាស​ប្រាក់ អាក្រក់ទៅជាល្អ សទៅជាខ្មៅ ពិត​ត្រូវគេ​ប្រឌិត.. ទ្វារព្រះធំ​ទូលាយ មនុស្ស​ទាំង​ឡាយ​ដើរ​ជៀស ទ្វារ​នរក​តូច​ចង្អៀត បែរនាំគ្នាប្រជ្រៀត​ចុះឈ្មោះធ្វើ​ព្រាយ ធ្វើ​ខ្មោច .. ហេតុអ្វី​ទារក​កើត​មក​ក្តាប់​ដៃ ហើយ​តែង​តែង​ស្រែក​យំ សេចក្តី​ស្លាប់​ត្រឡប់​ទៅវិញ មិន​ឆ្ងាយ​ពី​ធាតុ​មួយ​ចាន​ដដែល​ជា​ដដែល..

ខ្ញុំ​មិន​មែន​អាចារ្យទេ សរសេរលេង​កែអផ្សុក..

មតិ 2