បណ្ណសារសម្រាប់សមានក្រុម កំណាព្យ
បិសាចពាក់ស្រោមឥសី
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក, សង្គមខ្មែរ លើ ខែឧសភា 26, 2012
១-ឱកម្ពុជា(អើយ) ជាភូមិកំណើត(អើយ) រនោចគ្មានខ្នើត គ្មានដួងចន្ទ្រា (អើយ)
ទ្វីបលោកងងឹត សត្វរស់រងារ ឱកម្មវេរា ផ្តន្ទាគ្មានលោះ(អើយ)។
២-បិសាចពាក់ស្រោម(អើយ) ឥសីមុខបុណ្យ(អើយ) ទាមចំណែកគុណ ម្តេចពាក់មុខងោះ(អើយ)
កំណាចព្រៃផ្សៃ អប្រិយទុរយស ឬចង់បានឈ្មោះ នរកតផៅ(អើយ)។
៣(R)-សម្លេងទ្រហោ យំសោកស្រណោះ គេខាកគេស្តោះ ឈូសទីលំនៅ(អើយ)
អ្នកក្រទាមសិទ្ធ គេចោតថាខ្លៅ វាយខ្នោះយកទៅ ពង្វែងបន្លំ(អើយ)។
៤-នេះគឺសង្គម(អើយ) ទ្រនុំពស់វែក(អើយ) អ្នកមានអំណាច ធ្វើឬកស្តេចផ្ទុំ(អើយ)
ធាតុពិតជាសត្វ នរកជាប់ឃុំ មួយជាតិជាខ្ញុំ បម្រើនាយទុន(អើយ)។
(ខ្ញុំសរសេរតាមលំនាំបទពាក្យ៤ តាមទំនុកភ្លេង «ចម្រៀងមរណៈ» ឬ ខ្លងខែកហែកលោក (ចំណងជើងខុស) របស់លោក គង្គ ប៊ុនឈឿន ច្រៀងដោយអ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត។)
រំដួលដងស្ទឹងតាតៃ
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 23, 2012
១-រលករលេញដេញខ្សែទឹកហូរ ភ្លឺរំលេចពណ៌ល្អដូចពេជ្រច្នៃ
ដូងប្របមាត់ស្ទឹងនៅតែអាល័យ តាតៃស្រម៉ៃក៏រំភើបចិត្ត។
២-សែននឹកវេលាគ្រាបងទេសចរណ៍ ធម្មជាតិបវរប្រៀបឋានតុសិត
ដងស្ទឹងតាតៃដែលខ្ញុំស្នេហ៍ស្និទ្ធ និមិត្តរំលេចរំដួលមួយទង។
៣(R)-កោះស្មាច់ អណ្តែត ស្រឡៅ ឡាំដាំ ជួយកត់ជួយចាំ ផ្តាំរំដួលផង
ទឹកធ្លាក់ឥសីសាក្សីស្នេហ៍ស្នង បើសិនស្នេហ៍បងម្តេចនៅស្ងៀមទ្រឹង។
៣-ឱឃុំតាតៃស្រុកស្មាច់មានជ័យ សែននឹកអាល័យរំដួលដងស្ទឹង
សម្រស់ធម្មជាតិឆាបដួងព្រលឹង ថ្ងៃលិចត្រើយស្ទឹងជាអនុស្សា។
អនុស្សាវរីយ៍មួយសន្លឹក «ដងស្ទឹងតាតៃ» ភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខែត្រកោះកុង ខែសីហា ២០១១

ដៃដែលបងមិនបានថ្នម
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 21, 2012
«ដៃដែលបងមិនបានថ្នម»
១-ឱដៃអើយដៃស្រឡូនទន់អ្វីម្ល៉េះ ស្រស់យ៉ាងនេះធ្វើឲ្យខ្ញុំវង្វែងហើយ
ដៃសខ្ចីដូចសម្លីគួរកល់កើយ ដៃទន់ល្មើយកើយមួយយប់ក៏មិនអស់ចិត្ត។
២-ដៃស្រីល្អដូចកេន្នរសួគ៌ាល័យ ដៃឆោមស្រីល្អឥតបីគួរស្នេហ៍ស្និទ្ធ
បើសិនបានប្រលោមស្នេហ៍ស្រស់វមិត្រ ទោះនិមិត្រក្នុងសុបិនក៏សុខចិត្តដែរ។
៣-ឱដៃអើយដៃដែលខ្ញុំពុំបានថ្នម ចង់ប្រលោមលោមបំពេរដៃមាសស្នេហ៍
ទ្រូងច្របល់ខ្វល់ដួងចិត្តគិតឥតល្ហែ ដៃមាសមេឲ្យបងស្រើបហើយអស់អារម្មណ៍។
៤-បើជាតិនេះពិតមិនបានថ្នមដៃស្រី មុខជាក្ស័យអស់ហើយសេចក្តីសង្ឃឹម
តែបើបានថ្នមដៃដ៏ល្អគ្មានផ្ទឹម ក្តីសង្ឃឹមឲ្យញញឹមកណ្តាលរាត្រី។
សុបិននិមិត្ត
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 16, 2012
អាឡូអូន!
អាឡូបង! ម្តេចក៏ទូរស័ព្ទមកទាំងព្រឹកអញ្ចឹង!
គឺបងមានរឿងចង់ប្រាប់អូន តែអូនត្រូវសន្យាថាកុំខឹងណា!
រឿងអ្វីទៅបង ម្តេចក៏បន្ទាន់ម្ល៉េះ!
សន្យានឹងបងសិនមក ទើបបងប្រាប់! ថាមិនត្រូវខឹងនឹងបងទេណា!
«សុបិននិមិត្ត»
១-កំពូលស្នេហាសង្សាបងអើយ ថ្ងៃរះខ្ពស់ហើយប្រយ៉ាប់ក្រោកឡើង
បងមានរឿងមួយចង់ប្រាប់កល្យាណ តែបានឮហើយសូមអូនកុំខឹង។
២-សន្យាសន្យាណាស្រស់ពិសី ទោះជារឿងអ្វីត្រូវធ្វើមិនដឹង
ទើបបងហ៊ានប្រាប់ពី..ដំណឹង ព្រលឹងមិនខឹងជេរស្តីរូបបង។
៣-យប់មិញនេះបងសុបិនចម្លែក ពិតជារឿងហេតុខុសប្លែកសព្វដង
បងបានពុះបេះដូងពីនួនល្អង ឲ្យស្រីស្នេហ៍ស្នងអូនគ្រាំទុក្ខា។
៤-មេឃខ្មៅងងឹតព្យុះបោកសន្ធឹក មិនមែនរឿងពិតផ្ទុយពីចិន្តា
សុបិនអាក្រក់នាំល្អក់ស្នេហា សូមស្រីកន្និដ្ឋាកុំខឹងនឹកគិត។
មយូរ៉ា
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 15, 2012
ស្នេហាពិតជាគ្មានវណ្ណៈមែនឬ? បើទោះបីជាស្នេហាគ្មានវណ្ណៈមែន តែមនុស្សពិតជាមានវណ្ណៈយ៉ាងពិតប្រាកដ។
ឱអូនមយូរ៉ាមាសបង ធ្វើម្តេចបងក្រ ស្នេហាយើងក្នុងជាតិនេះ គឺត្រូវចប់ត្រឹមថ្ងៃនេះហើយ..
«មយូរ៉ា»
១-ស្នេហ៏បងអ្នកក្រ ប្រឹងត្រដរខ្យល់ ស្នេហ៏ស្រីនិមល ឲ្យខ្វល់ទុក្ខា
ស្នេហ៍មានតែចិត្ត ឥតពិចារណា មេបាឯណា នឹងមើលឃើញបង។
២-ខ្លួនទាបខំតោង ប្រឹងឈោងចាប់ផ្កាយ មិនមើលរូបកាយ វណ្ណៈបេះដូង
អ្នកក្រកម្សត់ ទ្រព្យខ្សត់ដូចបង បែរប្រាថ្នាប៉ង ឱអូនមយូរ៉ា។
៣-ផ្ទៃមេឃងងឹត ព្រោះបាត់សូរិយា យប់គ្មានចន្ទ្រា បំភ្លឺលោកា
ប្រៀបដូចក្តីស្នេហ៍ ដែលខំរក្សា ខុសចិត្តមេបា គេពង្រាត់ទៅ។
៤-ភ្លេងការមជ្ជុរាជ ប្រហារខ្ញុំហើយ ទឺកភ្នែកជោកខ្នើយ ព្រោះរឿងអាស្រូវ
ស្នេហ៍បងនិងអូន ទុកស្នាមដំបៅ ពីថ្ងៃនេះទៅ ព្រាត់ទៅសែនឆ្ងាយ។
អ្នកម្តាយភិរម្យ
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 12, 2012
សូមជូនកំណាព្យ រូបរាងជាទំនុកច្រៀងមួយបទនេះ ជូនអ្នកម្តាយគ្រប់រូប ក្នុងថ្ងៃទិវារ«រំឮកព្រះគុណ» ថ្ងៃទី១៣ ខែឧសភានេះ។ សូមអ្នកម្តាយគ្រប់រូបទទួលបានព្រះសុខភាពបរិបូរណ៍ ព្រះជន្មាយឺនយូរ ដើម្បីជាម្លប់ដល់កូនប្រុសកូនស្រីតរៀងទៅ។
ខ្ញុំពិតជាចង់ឲ្យទំនុកច្រៀងនេះ មានរូបរាងពិតប្រកដជាតន្រ្តី ដើម្បីបំពេរកូនប្រុសកូនស្រី និងថ្វាយដល់អ្នកម្តាយទាំងអស់ក្នុងលោកនេះ តែគួរឲ្យស្តាយខ្ញុំអត់ចេះភ្លេង!
«អ្នកម្តាយភិរម្យ»
I-ឱអ្នកម្តាយកូនអើយ.. អ្នកម្តាយចាស់ហើយ កូនសូមវន្ទា
គោរពប្រណិប័តន៍អ្នកម្តាយមហិមា ដែលកូនរាល់គ្នា ជ្រកម្លប់ព្រះបារមី។II-ឱអ្នកម្តាយនៃខ្ញុំ.. កូនរស់ព្រោះគុណ ទឹកដោះម្តាយថ្លៃ
ទោះសងម៉ឺនជាតិឥតរួចតម្លៃ ទឹកដោះម្ចាស់ស្រី ប្រណីកូនរាល់គ្នា។III(R)-សូរិយានៅតែរះរេ ដួងខែនៅមានរស្មី កូនប្រុសកូនស្រី សូមក្រាបទៀបព្រះបាទា
នៃព្រះកន្លោង ដ៏មហិមា ក្នុងថ្ងៃទិវារ រំឮកព្រះគុណ។IV-ឱទេវតាអង្គឥន្ទព្រហ្ម គង់ស្ថានឧត្តមប្រសើរ សូមយាងដំណើរ មកជួយប្រោះព្រំ
ថ្វាយព្រះសុខភាព អ្នកម្តាយភិរម្យ បរិបូរណ៍ឧត្តម ព្រះជន្មាយឺនយូរ។
ទឹកភ្នែកស្រីមេម៉ាយ
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 8, 2012
ភ្លៀងអើយ ម្តេចធ្លាក់សន្ទាប់ស្ទើររហែកមេឃដូច្នេះ!
«ទឹកភ្នែកស្រីមេម៉ាយ»
I-សម្លឹងមើលមេឃមេឃស្ទើររហែក ឱតំនក់ទឹកភ្នែកស្រក់ចែកផែនដី
ផ្គរលាន់គ្រហឹមអូនយំនឹកប្តី ស្រណោះកាលថ្ងៃប្រុសថ្លៃចេញទៅ។
II-ទឺកផ្តើមជំនន់ជន់លេចភ្លឺស្រែ គ្រាន់ជាភ្លៀងកក់ខែម្តេចធំពេកកូវ
ទឹកភ្នែកអូនហូរព្រោះរឿងអាស្រូវ ដែលចារទុកនៅដៅពេញផែនផ្ពាល់។
R-ជាស្រីមេម៉ាយកាយដែលកំព្រា រស់តែឯងរងារដូចជាសំណល់
ខ្វះការទុកដាក់រស់សែនកង្វល់ តើអ្នកណាយល់សូមជួយប្រាប់ស្រី។
III-បងលាទៅឆ្ងាយគ្មានថ្ងៃត្រឡប់ ដូចផ្គរលាន់សន្ធាប់ឲ្យញ័រហរទ័យ
ឃ្លាតមួយជីវិតគ្មានពាក្យវិលវៃ ឱប្រុសថ្លៃ.. សច្ចាផ្សងជួបគ្រប់ៗជាតិអើយ។


បញ្ចេញមតិ