ទឹកភ្នែកស្រីមេម៉ាយ
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 8, 2012
ភ្លៀងអើយ ម្តេចធ្លាក់សន្ទាប់ស្ទើររហែកមេឃដូច្នេះ!
«ទឹកភ្នែកស្រីមេម៉ាយ»
I-សម្លឹងមើលមេឃមេឃស្ទើររហែក ឱតំនក់ទឹកភ្នែកស្រក់ចែកផែនដី
ផ្គរលាន់គ្រហឹមអូនយំនឹកប្តី ស្រណោះកាលថ្ងៃប្រុសថ្លៃចេញទៅ។
II-ទឺកផ្តើមជំនន់ជន់លេចភ្លឺស្រែ គ្រាន់ជាភ្លៀងកក់ខែម្តេចធំពេកកូវ
ទឹកភ្នែកអូនហូរព្រោះរឿងអាស្រូវ ដែលចារទុកនៅដៅពេញផែនផ្ពាល់។
R-ជាស្រីមេម៉ាយកាយដែលកំព្រា រស់តែឯងរងារដូចជាសំណល់
ខ្វះការទុកដាក់រស់សែនកង្វល់ តើអ្នកណាយល់សូមជួយប្រាប់ស្រី។
III-បងលាទៅឆ្ងាយគ្មានថ្ងៃត្រឡប់ ដូចផ្គរលាន់សន្ធាប់ឲ្យញ័រហរទ័យ
ឃ្លាតមួយជីវិតគ្មានពាក្យវិលវៃ ឱប្រុសថ្លៃ.. សច្ចាផ្សងជួបគ្រប់ៗជាតិអើយ។
កំព្រាស្នេហា
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 6, 2012
វេលាមួយ ស្ថិតក្រោមសំពាធនៃសេចក្តីស្នេហា សូមវេលាអ្នកកុំដើរយឺតពេក អាណិតដល់ចិត្តខ្ញុំដែលកំពុងរងារ អន្ទះសារចង់ជួបម្ចាស់ដួងចិត្ត តើអ្នកអាចដើរលឿនជាងនេះបានទេ?
ទុកជាអនុស្សាវរីយ៍រាត្រីពិសាឃបូជា រាត្រីដែលព្រះច័ន្ទនៅជិតផែនដីបំផុតក្នុងឆ្នាំ២០១២នេះ។
«កំព្រាស្នេហា»
ខែយប់នេះភ្លឺច្បាស់រស្មីត្រចង់ រះពេញវង់ឲ្យខ្ញុំភ្នកនឹកស្នេហា
សែនក្រអូបក្តិនផ្កាចំប៉ីចំប៉ា ជាអនុស្សាដែលបងដាំទុកឲ្យស្រី។
ខ្យល់ជំនោរថ្ងួចថ្នូរហាក់ដឹងចិត្តបង ឃ្លាតនួនល្អងឲ្យបងកំព្រាហរទ័យ
ដូចរសាត់អណ្តែតកណ្តាលជលសៃ មមៃរកស្រីក្រសោបឱបថែស្នេហា។
ដួងខែអើយអ្នករះបំភ្លឺចិត្តខ្ញុំ តែបែរនាំឲ្យខ្ញុំកើតទុក្ខសោកា
ព្រោះរស់ក្រោមសំពាធនៃក្តីស្នេហា ស្នេហាស្នេហាតែបែរជាត្រូវឃ្លាតគ្នា។
ឱព្រះពាយសូមអ្នកជួយនាំដួងចិត្ត សូមអាណិតដល់ចិត្តដែលរស់រងារ
រស់គ្មានអូនដូចក្បួនឃ្លាតចាកគង្គារ រងារកំព្រាវេលាមិនត្រាប្រណី។
(គ្មានទំនុកភ្លេង)
ស្នេហ៍អូនដូចរសកាហ្វេ
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែឧសភា 1, 2012
ស្នេហានិងកាហ្វេ មានលក្ខណៈប្រហាក់ប្រហែលគ្នាខ្លះ ដែលគួរអោយចាប់អារម្មណ៍ លោកអ្នកធ្លាប់ជ្រាបទេ?
ស្នេហ៍អូនដូចរសកាហ្វេ
I-ស្នេហានៃខ្ញុំដូចរសកាហ្វេ ល្វីងខ្លាំងម្ល៉េះទេនៅតែចង់សាក
ព្រឹកអត់មិនបានល្ងាចក៏ពិបាក បើសិនចង់ផ្អាកពិបាកញ័រទ្រូង។
II-ដូចក្តីស្នេហាខ្វះការទុកដាក់ ខ្វះការជឿជាក់ថ្នាក់ថ្នមបេះដូង
រសាប់រសល់ខ្វល់ពេញដើមទ្រូង ទោះយំច្រើនដងក៏នៅតែស្នេហ៍។
R-ជួបបងដំបូងបេះដូងឌុកដាក់ លោតញាប់ញ័រញាក់ពិបាកម្ល៉េះទេ
ទោះបីប្រឹងទប់ក៏មិនឈប់ដែរ ដូចញុំាកាហ្វេដំបូងដែរណា។
III-បើបងបានឮកុំនៅឈរធ្មឹង កុំនៅឈរធ្មឹងឲ្យស្រីសោកា
បន្ថែមជាតិផ្អែមឲ្យក្តីស្នេហា ថ្នាក់ថ្នមលោមចិន្តាអូនផងណាបង។
គូលែនគិរី
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែមេសា 20, 2012
ទុកជាអនុស្សាវរីយ៍ដំណើរទៅលេងភ្នំគូលែនថ្ងៃនេះ (២០ មេសា ២០១២)។
I-គូលែនគិរីជាទីមនោរម្យ ទីឋានសាកសម្យនឹងដើរកម្សាន្ត
ព្រះធំគង់ខ្ពស់សុំផ្សងកុំខាន សូមសុខក្សេមក្សាន្តនិងបានមង្គល។II-វាលស្តេចគំលង់និងលិង្គមួយពាន់ មើលបានកុំជាន់នាំសឹកករិចរិល
ក្បង់ទឺកលុបមុខនាំសុខកុំខ្ជិល រួចវិលទៅលេងទឺកជ្រោះពិសិដ្ឋ។R-គូលែនជ្រោះធំនាំមុំទៅលេង ទឹកត្រជាក់ស្រេងដូចបានដឹងចិត្ត
ថាបងនិងអូនមានស្នេហ៍ស្មោះពិត ចិត្តផ្តិតនឹងចិត្តឥតគិតនឹងប្រែ។II- សូមអង្គបារមីទឹកដីគីរី ទុក្ខកុំញាំញីរំខានក្តីស្នេហ៍
ប្រោះព្រំមង្គលដល់គូបុព្វេ សច្ចាឥតប្រែយកអូនជាគូ។
បុប្ផាចុងឃ្នាស
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែមេសា 19, 2012
ទុកជាអនុស្សាវរីយ៍ដំណើរទៅលេងបឹងទន្លេសាបថ្ងៃនេះ (១៨ មេសា ២០១២)។
I-សូរិយាទន់ទាបរៀបលិចឯនាយ ឃើញពីចម្ងាយគួរស្តាយវេលា
នឹករូបសម្ភស្សស្រស់លើសពណ៌នា ឆក់គួចចិន្តាកំឡោះភ្នំពេញ។II-ភូមិបណ្តែតទឹកគួរនឹកអាល័យ ចុងឃ្នាសនៅឆ្ងាយតែចិត្តទន្ទេញ
ចង់បានវេលាដូចល្ងាចម្សិលមិញ បងនិងសម្លាញ់ឃើញខ្នាញ់ដក់ចិត្ត។R-អូនជាបុប្ផារីកកណ្តាលបឹង ឆាបដួងព្រលឹងឲ្យបងរែងគិត
បងជាទេសចរលួចផ្សងចងចិត្ត មិនឲ្យមាសស្និទ្ធរបូតបានឡើយ។III-បឹងទន្លេសាបខាបចិត្តខ្ញុំទៅ យកផ្ញើរទុកនៅនឹងពៅត្រាណត្រើយ
បើពិតនិស្ស័យចារជាគូរកើយ សូមឆ្លើយមួយម៉ាត់ឲ្យបាត់សង្ស័យ។
ដែនកោះជម្រកស្នេហ៍
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែមេសា 16, 2012
I-ស្រណោះក្លិនអូននៅក្បែរទ្រូងបង អាសូរកន្លងគេឆក់ពីដៃ
រឿងអូននិងបងហាក់ដូចថ្មីៗ ឥឡូវពិសីត្រូវគេត្រកង។II-អាសូររឿងចាស់ផ្លាស់ផុតយូរឆ្នាំ តែចិត្តនៅចាំកាលអូនផ្តាំបង
ឧស្សាហ៍ទៅលេងផ្ទះស្រីនួនល្អង តែកម្មកាចចងព្រោះបារាំងអប្រិយ។R-ស្រណោះស្រណោកបងយំបោកប្រាណ ព្រោះឃ្លាតកល្យាណគ្មានថ្ងៃវិលវៃ
អូនបានទៅគេហុកសិបឆ្នាំប្លាយ នឹកឡើងសែនស្តាយកាយដែលឃ្លាតឃ្លា។III-អាសូរដែនកោះដែនជម្រកស្នេហ៍ ព្រោះកម្មបុព្វេឲ្យយើងព្រាត់គ្នា
ព្រាត់ទាំងស្រឡាញ់មិនបានពោលលា មិនមែនមួយគ្រាគឺព្រាត់មួយជីវិត។
អូនត្រាប់កាកី
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក លើ ខែមេសា 12, 2012
I-កាកីជាឈ្មោះស្រីលុះតណ្ហា វិលវល់អត្មាស្នេហាពីរបី
មិនគិតប្រមាណប្រាណខ្លួនជាស្រី មិនស្មោះនឹងប្តីព្រោះព្រានតណ្ហា។II-ផ្ការោយព្រោះឃ្មុំក្រេបអស់លំអង ស្រីក្បត់រូបបងស្រវាដុល្លា
មិនគិតប្រមាណស្នេហ៍បានឆីស្លា ញាតិមិត្តមីងមាដែលធ្លាប់សង្ឃឹម។R-កង្រីមិនត្រាប់បែររាប់កាកី ជ្រើសស្នេហ៍កាឡៃក្បត់ប្តីបានផ្ទឹម
បោះបង់ស្នហាដែលធ្លាប់ញញឺម ពេលនេះសង្ឃឹមប្រែជាទឹកភ្នែក។III-បងឈរឱបកូនអូនឈរឱបប្រុស ឥតស្តាយស្រណោះស្នេហ៍ដែលបាក់បែក
បងសូមឆ្លាក់ឈ្មោះថាស្រីពស់វែក អូនកុំអល់អែកទូលរែកយកចុះ។



បញ្ចេញមតិ