ចម្រៀង​ខ្មែរ៖អូន​គង់​ដឹង​ខ្លួន

ជម្រាបសួរ​បងប្អូន​​ជនរួម​ជាតិ និង​ពិសេស​បងប្អូន​អ្នក​និយម​ស្តាប់​បទ​ចម្រៀង​​មាស​​ពីជំនាន់​ដើម​​ជា​ទី​​មេត្រី!​

ដើម្បី​ជា​ចំណង​ដៃ ថ្ងៃ​ចុង​សប្តាហ៍នេះ សូមបងប្អូន​រីករាយ​ស្តាប់​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ “អូន​គង់​ដឹងខ្លួន” ដែល​ច្រៀង​ដោយ​អធិរាជ​សម្លេង​មាស​​ ស៊ិន ស៊ីសាមុត

មួយវិញទៀត ស្ទើរ​បទចម្រៀង​ពីជំនាន់​ដើម​ទាំង​អស់ លោក​ លោកស្រី បងប្អូន​ពិត​ធ្លាប់​បាន​ដឹង​តែ​ម្ចាស់​សម្លេង​ប៉ុណ្នោះ ​ថ្ងៃនេះ​ខ្ញុំ​សូម​លើក​យក​ប្រវត្តិត្រួសៗ​ផងដែរ​ មក​ចែក​ជូន​បងប្អូន​​បាន​ជ្រាប ពីប្រ​វត្តិ​នៃ​បទ​ចម្រៀង​ និង​អ្នកនិពន្ធ​បទ​នេះ ដែល​ដកស្រង់ពី​សៀវភៅ “ថ្ងៃលិច​ឯ​នាយ​សមុទ្ទ” របស់​លោក​ សេង តារា

សូម​រីករាយ​ស្តាប់ និង​យក​ពេល​អាន​អត្ថបទ​មិន​គួរ​រំលង​នេះ​​​ដូច​តទៅ៖

អូនគង់ដឹងខ្លួន

ពិតណាស់​អ្នកណាៗក៏​ទទួល​ស្គាល់ថា កវី​ជើងចាស់​ជំនាន់ដើម​សុទ្ធតែ​មាន​ទេព​កោសល្យ​និង​សមត្ថភាព។ អ្វីៗ​ដែល​អស់​លោក​បាន​កសាង​ឡើង បាន​ក្លាយ​ជា​គ្រិះវប្បធម៌​យ៉ាង​ធំធេង​ក្នុង​វិស័យ​តូរតន្ត្រី​ខ្មែរ​ជំនាន់​នោះ និង​ជំ​នាន់​បច្ចុប្បន្ន រួម​ទាំង​ទៅ​អនាគតដ៏​វែង​ឆ្ងាយ​ផង​ដែរ​។ ហើយ​ជា​បន្ត​ទៅទៀត​នោះ​ ខ្ញុំ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​ឲ្យ​បាន​ជ្រាបនូវ​ប្រវត្តិ​ស្នាដៃរបស់​កំពូល​កវី​ជើង​ចាស់ ពៅ ស៊ីផូ មួយបទ​ដែល​មាន​ចំណង​ជើង​ថា “អូន​គង់​ដឹង​ខ្លួន”..

គំនិត​ច្នៃប្រឌិត​ និង​ទេព​កោសល្យ​កវី​និពន្ធយើង​ គ្មាន​អ្នក​ណា​អាច​វិភាគ​ និង​វាយ​តម្លៃ​ឲ្យ​ឃើញពិត​ប្រាកដ​ថា​មាន​ជម្រៅ​កម្រិត​ណា​ឡើយ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​សន្និដ្ឋាន​ និង​ស្រាវជ្រាវដឹង​នោះ​គឺស្នា​ដៃ​របស់​លោក​សុទ្ធតែ​មាន​វ័យ​ចំណាស់រាប់​សិបឆ្នាំ​មកហើយ​ ជាក់ស្តែង​ក្នុង​ចំណោម​កវីទាំង​នោះ លោក​ ពៅស៊ីផូ ត្រូវ​បាន​គេដឹង​ថា​ ជា​កវី​មួយ​រូប​ដែល​មាន​ស្នាដៃចំណាស់​ជាង​គេបំផុត​កាល​ពី​ជំនាន់​មុន ដូច្នេះ​ហើយ​ទើប​អស់​លោក​កវីនិពន្ធ​នានាក្នុង​ជំនាន់​នោះចាត់​ទុកលោក​ជា​ “កវី​រៀមច្បង” មួយរូប​ដែល​ពូកគេ​យក​ជា​គំរូ និង​រៀន​សូត្រ​តាម។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ យើង​បាន​ដឹង​ថា​ លោក​ ពៅ ស៊ីផូ បាន​ផ្តើម​ស្ថាបនា​ស្នាដៃ​និពន្ធ​បទភ្លេង​ ទំនុក​ច្រៀង​តាំង​ពី​អំឡុង​ ទ.វ ឆ្នាំ​១៩៤០មកម្ល៉េះ។ ម៉្យាង​លោក​ ពៅ ស៊ីផូ នេះ​ឯង​ដែល​បាន​ចូក​ចែវ​ត្រួស​ត្រាយ​ផ្លូវឲ្យ​អ្នក​ចម្រៀង​ជំនាន់​នោះ​មាន​ឈ្មោះ​ល្បីល្បាញស្ទើរតែគ្រប់ៗគ្នា​ ដោយ​ក្នុង​នោះ​មាន​លោក​ សុះ ម៉ាត់ អ្នក​ស្រី​ ម៉ៅ​ សារ៉េត លោក​ អ៊ឹម​ សុង​សឺម ព្រម​ទាំង​បុរស​សម្លេង​មាស ស៊ិន ស៊ីសាមុត​ ជាដើម។ល។ ជាមួយគ្នានេះ លោក​ ពៅ ស៊ីផូ ក៏​ជា​អ្នក​បង្កើត​គំរូ​ណោត​ភ្លេង​ ABCD ផងដែរ​ដែលនៅស្រុកខ្មែរ​ជំនាន់​នោះ មិនទាន់មាន​អ្នកណា​សរសេរ​ចេញ​មកឡើយ ហើយក៏​ប្រហែល​គ្មាន​អ្នកណាអាច​មាន​សមត្ថភាពសរសេរចេញ​បាន​ដែរ​ ដែលបាន​ក្លាយ​ជា​ប្រទីប​មួយ​ដ៏​សំខាន់ សម្រាប់​កវី​និពន្ធ​នានាយក​ ABCD ថ្មី​នោះ​ទៅប្រើ​គ្រប់​ៗគ្នាក្នុង​ការនិពន្ធ​បទភ្លេង។ ថ្មីបើ​ណោតភ្លេង​ថ្មីនោះ​មិន​មែន​ជា​ណោតភ្លេង​សកល (Solfere) ដែល​អាច​ប្រើ​ប្រាស់​បាន​តែ​ក្នុង​ស្រុក​ខ្មែរ​មែន ប៉ុន្តែនេះ​គឺ​ជា​កិត្តិយស​ធំណាស់​សម្រាប់ជាតិ​ខ្មែរ​ដែល​មាន​កុលបុត្រ​ម្នាក់​អាច​ច្នៃប្រឌិត​របស់​មួយ​ថ្មីដែល​ពិភពលោក​គ្មាន។ ចំពោះ​ការ​រកឃើញនេះ គេ​អាច​ប្រៀបធៀបថា នៅប្រទេស​នានា គេមាន​អ្នកវិទ្យាសាស្រ្ត​ផ្ទាល់ខ្លួន រកឃើញ​បច្ចេកវិទ្យា​ទាន់​សម័យដូចជា ម៉ាស៊ីន​បោកគក់ យាន​អវកាស រថភ្លើង ។ល។ ចំណែក​ឯ​ប្រទេស​ខ្មែរ​យើង យើង​ក៏អាច​និយាយ​បាន​ដែរថា​ មាន​អ្នកប្រាជ្ញម្នាក់​ដែល​រកឃើញ ណោតភ្លេង​ថ្មី​ផងដែរ។ នេះ​មិន​មែនជាអំណួត​ខ្លួន​​ឯងទេ តែវា​ជា​ការពិតដែល​គេ​ត្រូវ​តែ​ទទូលស្គាល់​។

ដោយឡែក​ក្នុង​បណ្តាស្នាដៃ​របស់​លោក បទចម្រៀង​នីមួយៗ​សុទ្ធ​តែមាន​ប្រជា​ប្រិយភាព មាន​ការ​និយម​ចូលចិត្ត​ស្តាប់ពី​ប្រជា​ពលរដ្ឋ​គ្រប់ទិសទី ហើយ​ក្នុង​នោះ យើង​បាន​ស្រាវជ្រាវ​ដឹង​ថា​ បទ“អូនគង់ដឹងខ្លួន” ដែល​អធិរាជ​សម្លេង​មាស​ ស៊ិន ស៊ីសាមុត ជាអ្នក​បកស្រាយ​នោះ ក៏ជា​ស្នាដៃ​របស់​លោក ពៅ ស៊ីផូ ផងដែរ​ ដែល​លោក​និពន្ធ និងថតនៅអំឡុង​ដើម​ឆ្នាំ ១៩៧៤ ក្នុង​កាសែត​ចម្រៀង​​ ពៅ ស៊ីផូ ទី១ ក្រោម​ការ​ចាត់ចែង​ និង​សម្រួល​តន្រ្តីផ្ទាល់​ដោយ​ម្ចាស់​ស្នាដៃទាំងអស់ ហើយ​បទនេះលោក​និពន្ធ​ដើម្បីឌឺដង​ឲ្យភរិយា​របស់​លោក​ឈ្មោះ ចន្ធូ

អ្នកស្រី​ចន្ធូ ដែល​សព្វថ្ងៃ​នៅ​មាន​ជីវិត​នៅឡើយ​រស់​នៅទីក្រុង​ភ្នំពេញ មាន​ប្រសាសន៍​រៀបរាប់​អំពី​ដំណើរ​រឿង​នៃបទនេះថា “ខ្លឹម​សារ​ទាំង​អស់​ក្នុង​ទំនុកច្រៀង​បទនេះ គឺ​ស្វាមី​អ្នកស្រី​និពន្ធឡើង​ដើម្បី​ចំអក​ឌឺដង​ ផ្លែផ្កាឲ្យ​អ្នក​ស្រី​តែម្តង ព្រោះពេលនោះ​អ្នក​ស្រី​ដែល​កំពុង​ឈាន​ចូល​វ័យម្ភៃឆ្នាំ​បន្តិចបន្តួច មានរូប​សម្ភស្ស​ស្អាត​​ ដូច្នេះហើយ​ទើប​ពេល​ទៅធ្វើការ​មាន​បុរស​ជា​ច្រើន​បាន​លេបខាយ​សម្តី ក្នុង​ន័យ​លេង​សើច​ផង​​ បន្លំសុំ​ស្នេហ៍ផង តែ​អ្នក​ស្រីមិន​បាន​ដាក់ចិត្តអ្វីឡើយ ប៉ុន្តែ​ដោយ​សារ​មាន​និស្ស័យ​រួសរាយ អ្នក​ស្រី​មិន​កំណាញ់សម្តី​ក្នុង​ការ​ឆ្លើយ​ឆ្លងទៅបុរសៗ​ទាំង​នោះ​ទេ  ព្រោះពួកគេសុទ្ធតែ​ជា​មិត្តរួម​ការ​ងារ​ជាមួយ​អ្នកស្រី។

​ដោយ​សារ​ឃើញ​អ្នក​ស្រីចូលចិត្ត​និយាយ​លេង​សើច​ និង​តបតសម្តី​ជាមួយបុរសៗ​នៅ​កន្លែង​ធ្វើ​ការ​​ញឹកញាប់ដូច្នេះហើយ ទើប​លោក​ ពៅ ស៊ីផូ ស្វាមីអ្នកស្រី​មាន​ចិត្ត​ប្រច័ណ្ឌ​ ហេតុនេះ​ដោយ​សារ​​លោក​ជា​កវី​ពូកែ​តែង​កាព្យ​ចម្រៀងស្រាប់​ផង​នោះ ពេលនោះ​លោក​ក៏​និពន្ធ​បទ​នេះ តែម្តង គឺ​និពន្ធ​ដំណាល​គ្នា​នឹង​បទ “ល្មម​ហើយ​ណាស្រី”។ ចំណែក​ទំនុក​ច្រៀង​បទនេះ ថ្មីបើ​មាន​ន័យ​គ្រោតគ្រាត​មែន ប៉ុន្តែ​អ្នក​ស្រី​បញ្ជាក់ថា​គឺ​គ្រាន់​តែ​ជា​ការ​ក្នក់ក្នាញ់​ស្រឡាញ់​លាយ​ស្អប់របស់​ស្វាមី​អ្នកស្រីប៉ុណ្នោះ​ មិនមែន​ឈ្លោះប្រកែក បែកបាក់គ្នាទេ តែ​ដោយ​សារលោក​សរសេរ​បាន​ល្អ ទើប​នាំ​ឲ្យ​អ្នក​ស្តាប់គិត​ថា គូស្នេហ៏ទាំង​ពីរ​ប្រេះឆាគ្នា​ព្រោះតែ​ខាង​ស្រី​ក្បត់ចិត្ត គឺ​ដូច​ត្រង់​ឃ្លា​ដែល​លោក​ ស៊ិន ស៊ីសាមុត ច្រៀងថា៖

ទោះ​សូរិយា​រះបំភ្លឺ​ភពថ្មី ក៏ចិត្តស្រីនៅមិន​អស់​ក្តីប្រាថ្នា ព្រោះចិត្ត​វង្វេង​នឹង​កាម​តណ្ហា គ្មានគ្រូពេទ្យ​ណា​អាចព្យាបាល​បាន..

ជាដើម។

សូម​បញ្ជាក់ថា​ សព្វថ្ងៃ​ជាទូទៅ​គេ​ដាក់​ចំណង​ជើង​បទនេះខុសថា “គង់មានថ្ងៃស្រី​ដឹង​ខ្លួន ខុសពី​ចំណង​ជើង​ដើមគឺ “អូនគង់ដឹងខ្លួន” ឯណោះទេ។ ​ដូច្នេះ​តាម​រយៈការ​គាស់​រំលើង​ និង​ការ​បក​ស្រាយ​នេះ​ សូមប្រិយមិត្តទាំង​ឡាយ ពិសេស​ផលិតកម្ម​រកស៊ី​ថតចម្រៀង និង​ផលិត​បទចម្រៀង​ខារាអូខេនានា មេត្តា​ជួយ​ដាក់​ចំណង​ជើង​ឲ្យត្រឹម​ត្រូវ​តាម​លំនាំដើមផង​ ហើយ​ប្រសិន​អាច​ដាក់​ឈ្មោះអ្នក​និពន្ធ​ទៀត​ផង​នោះ ពិត​ជា​ល្អមែនទែន​ ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​អ្នក​បង្កើត​ផង ព្រោះជា​ទូទៅ​គេ​ស្គាល់​តែ​អ្នក​ច្រៀង​ប៉ុណ្នោះ។

Advertisements
  1. ចម្រៀងខ្មែរ៖ ស្រណោះភ្លៀង | តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: