ចម្រៀងខ្មែរ៖ ស្រណោះភ្លៀង

ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​ប្រវត្តិ​ស្នេហា​យ៉ាង​ផ្អែម​ល្ហែម​ស្ទើរ​តែ​រលាយ​សាច់​មួយ​ រួច​ស្រាប់​តែ​ព្រាត់​គ្នា​ទៅវិញ​ទាំង​ចិត្ត​ភក្តី​នោះ ហើយបាន​ឮ​បទ​ចម្រៀង​នេះ​នា​ពេល​ភ្លៀង​​​ធ្លាក់ អ្នក​នោះ​ប្រាកដ​ជា​ខ្លោចផ្សារ​ដួងចិត្ត អា​ណិត​ខ្លួនយ៉ាង​កំសត់មិនខាន ព្រោះ​​ទំនុក​ច្រៀង​បទនេះគួរឲ្យ​ស្រណោះ​ស្រណោក​ណាស់ ឬបើទោះអ្នក​គ្មាន​វិបត្តិអ្វី​សោះ មិន​តិច​មិន​ច្រើន ក៏គង់​មាន​ចិត្ត​ស្រយ៉ុតតាម​ខ្លឹមសារ​ចម្រៀង​នេះ​មិន​លែង​ឡើយ។

សំណោក​ទឹក​ភ្នែក​ព្រោះ​វិយោគ​ស្នេហាអតីតកាល​នៃបុរស​កំសត់ម្នាក់ ដូច​ដែលយើង​បាន​ឮ​ខ្លឹមសារ​ចម្រៀង​នេះ គឺ​ជា​ស្នាដៃ​និពន្ធ​ដ៏ប្រណិត​មួយ​របស់​កវី ឯល ប៊ុនណា ដែល​​បង្ហើរ​ឡើង​តាម​រយៈ​សម្លេង​ដ៏ក្រអួន​របស់​លោក​ អ៊ឹង ណារី ក្នុង​ឆ្នាំ១៩៧៣។

ស្រណោះភ្លៀង

លោក​ ឯល​​ ប៊ុនណា ដែល​ជា​អ្នក​និពន្ធទំនុក​ច្រៀង​ និង​បទភ្លេង​នៃ​បទ “ស្រណោះ​ភ្លៀង”​ នេះបាន​រំឮក​ឡើង​ថា​ តាម​ពិត​បទ​នេះ​លោក​និពន្ធឡើង​គឺ​តាម​ការ​ស្រមើល​ស្រម៉ៃ​​ធម្មតា​តាម​និស្ស័យ​កវីទូទៅ​ប៉ុណ្នោះ គឺមិន​មែន​ជា​ប្រវត្តិ​ស្នេហា​លោក ឬ​ជា​របស់អ្នក​ណា​ម្នាក់​ឡើយ ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សរសេរ​ទំនុក​ច្រៀង​នេះ គឺ​ដោយ​សារ​លោក​ មាន​និស្ស័យ​ចូលចិត្ត​មើល​ទឹក​ភ្លៀង ជា​ពិសេសតំណក់​ទឹក​ភ្លៀងដែល​ស្រក់​ពី​សំយ៉ាប​ផ្ទះឮស្រឹបៗខណៈ​មេឃ​ជិត​រាំង​ភ្លៀង។ តំណក់​ទឹក​ភ្លៀង​នោះ​ហាក់​មានវេទ​មន្ត​ម្យ៉ាង​មក​អន្ទង​ចិត្ត​លោក ឲ្យ​កើត​ក្តីស្រងេះ​ស្រងោច​នឹក​ដល់​រឿង​រ៉ាវ​ស្នេហា​មួយ ដែល​មិន​បាន​ឈាន​ដល់​ត្រើយនៃ​សុភមង្គល​តាម​គូស្នេហ៏​ទាំង​ពីរ​ប្រាថ្នា គឺ​ជាទិដ្ឋភាពមួយ​មាន​សភាព​ក្រៀម​ក្រោះ​ ស្រណោះ​អាល័យ​ រីង​រៃសួត​ប្រម៉ាត់ ដែល​គ្មាន​អ្នក​ណា​វាស់បាន​ ស្មាន​ត្រូវ​ពី​ទំហំដួង​ចិត្ត​ខ្លោចផ្សារ​នោះ​បាន​ឡើយ។ [—]

ដកស្រង់ពីសៀវភៅ “ថ្ងៃលិច​ឯនាយ​សមុទ្រ​” ភាគ១​ របស់​លោក សេង​ តារា

——————-

Related Article

  1. #1 by borin on ខែកញ្ញា 12, 2011 - 11:30 ព្រឹក

    បទហ្នឹងខ្ញុំចូលចិត្ត

បញ្ចេញមតិ