ស្រា..

គ្មាន​សេចក្តី​អាក្រក់​ឯណា​​ដែល​មិន​អាច​ប្រែ​ជា​សេចក្តី​ល្អ​នោះទេ ហើយ​ក៏គ្មាន​សេចក្តី​ល្អឯណា​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​នោះដែរ​។

ស្រា ឬសុរា.. ថ្វី​ត្បិត​តែ​យើង​ដឹង​ពី​អត្ថ​ន័យ​របស់​ពាក្យ​ “សុរា” យើង​យល់​​ពី​ឥទ្ធិពល​របស់​ “សុរា” សុរា​ធ្វើ​ឲ្យ​ខូច​សុខភាព សុរាគឺ​ជា​គ្រឿង​ស្រវឹង មាន​មនុស្ស​ជា​ច្រើន​​ត្រូវ​បាន​”សុរា”​បោក​បញ្ឆោតឲ្យ​ភ្លេចឪភ្លេច​​ម៉ែ ភ្លេច​ស្រែ​ភ្លេច​ភ្លឺភ្លេច​ផ្ទះ​សម្បែង ភ្លេច​ប្រពន្ធ​ភ្លេច​កូន ភ្លេច​ស្មារតី​ តែ​ក៏មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​បាន​ប្រើ “សុរា”​ ក្នុង​សេចក្តី​ល្អ និង​មាន​ប្រសិទ្ធភាព។

ខ្ញុំ​សរសេរ​អត្ថបទ​នេះ មិន​មែ​ន​មាន​ន័យ​ថា​គាំទ្រ​ឲ្យ​គ្រប់​គ្នា​រៀន​ផឹក​ស្រា​នោះទេ ហើយ​ក៏​មិន​មែន​គាំទ្រ​អ្នក​កំពុង​ផឹក​ស្រា​កាន់​តែ​ផឹក​ទៀត​នោះ​ដែរ។ ពាក្យ​ខ្មែរ​ពោល​ថា “មនុស្ស​ឆ្កួតបី ឆ្កួតស្រី ឆ្កួត​ល្បែង និង​ឆ្កួត​ស្រា”។ ​ចូរ​យើង​ទន្ទេញ​ពាក្យ​នេះ​ឲ្យ​ចាំ​ស្ទាត់ មុន​នឹង​យើង​ដាក់ចិត្ត​ស្រឡាញ់​ចង់បាននរណា​ម្នាក់​ មុន​នឹង​យើង​ដក​លុយ​ភ្នាល់​ល្បែងស៊ីសង​ និង​មុន​នឹង​យើង​លើក​កែវ​ស្រា​ក្រេបឱជារស​ដ៏​ឆ្ងាញ់​របស់​វា។ តែ​ពេល​នេះ​ខ្ញុំ​លើក​យក​តែ​រឿង​សុរាមួយ​មុខ​ប៉ុណ្នោះ​​មក​សង្ខេប​។ យើង​នឹង​មិន​បរិយាយ​តាម​បែប​សាសនា​នោះទេ។

យើង​បាន​ដឹង​ថា​សង្គម​ខ្មែរ​បច្ចុប្បន្ន​ មាន​មនុស្ស​ជា​ច្រើន​បាន​រងគ្រោះ​ដោយ​សារ​ស្រា ទាំង​ផ្ទាល់​និង​ដោយ​ប្រយោល។ ​តើ​អ្វី​ជា​ការ​រង​គ្រោះ​​ដោយផ្ទាល់​ ហើយ​អ្វី​ជា​ការ​រងគ្រោះ​ដោយ​ប្រយោល?

ការរ​ងគ្រោះ​ដោយ​ផ្ទាល់​គឺ​សំដៅ​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត។ មិន​ថា​ប្រុស​មិន​ថា​ស្រី​ឲ្យ​តែ​ជា​តិ​ស្រា​ចូលពោះហើយ​ គឺ​តែង​តែ​ចេញ​ធាតុ​ជា​សត្វ​បួន​ប្រភេទ ទី​១សេក (និយាយ​ច្រើនខុស​ច្រើន​ នាំរឿង) ទី២ពស់ (វា​រទៅផ្ទះជា​រាង​អក្សរ S) ទី៣ខ្លា (កាច​សាហាវប្រើ​អំពើ​ហឹង្សា) និង​ទី៤ គឺជ្រូក (ដេក​មិន​រើស​កន្លែង ឆ្កែលិតមាត់​)។ មនុស្ស​ដែល​ផឹក​ស្រា​ហើយ​ចេញ​ធាតុ​៤ប្រភេទ​ខាង​លើ​នេះ គឺ​បាន​ធ្វើ​ឲ្យ​ស្រា​ឆ្ងាញ់​ បែរ​ជា​សាប ស្រាថ្លៃ បែរ​ជា​ថោក​​អស់​រលីង។ បើ​ខ្ញុំ​ជា​ថៅកែ​ហាង​ស្រា​វិញ មនុស្ស​ទាំង​នេះ​ត្រូវ​សងថ្លៃ​ស្រា​មួយ​ទ្វេរ​ជា​ដប់ជាមួយ​រយឲ្យ​សម​កំហុស។ វា​ជា​រឿង​គួរឲ្យ​អាម៉ាស់បំផុត​ ហើយ​សូម​ជម្រាប​ថា មនុស្ស​ទាំង​នេះមិន​រាប់​ជា​អ្នក​ចេះ​ផឹកស្រា​​នោះទេ គេ​រាប់​ថាមនុស្ស​ប្រមឹកទៅវិញ​។ សួរ​ថា ខុសគ្នា​ត្រង់ណា អ្នក​ចេះផឹក​ និង​អ្នក​ប្រមឹក​នោះ? សូម​ជម្រាប​ថា មនុស្ស​ដែល​ចេះ​ផឹក​ស្រាគឺ​ជាមនុស្ស​ដែល​ស្គាល់​គុណភាព​ស្រា និង​ចេះ​ប៉ាន់ប្រមាណ​កម្លាំង​ស្មារតី​ ឬក្រពះ​ដែល​ខ្លួន​អាច​ទទួល​បាន មិន​មែន​ចេះ​តែ​លើក​អក លើក​ដាច់ ចុង​ក្រោយ​ចាក់​បាញ់ឆែវ​ធ្វើ​ទាន​ឲ្យ​ឆ្កែរ​នោះទេ។ កុំ​លើក​ខ្លួន​ឯងថា ចេះធ្វើ​បុណ្យធ្វើ​ទាន​ឲ្យ​ឆ្កែឲ្យ​សោះ នេះ​គេ​ហៅ​ថា​ខ្ជះខ្ជាយ​ ខ្ជះខ្ជាយ​ស្រា ខ្ជះខ្ជាយ​គ្រឿង​​ក្លែម។ មិន​តែ​ប៉ុណ្នោះ​វា​ធ្វើ​ឲ្យ​បុគ្គលនោះ​ឆាប់​ខូច​សុខភាព ចុះទ្រុឌទ្រោម​យ៉ាង​ឆាប់​រហ័ស ហើយ​មិន​យូរ​មិន​ឆាប់ នឹង​ត្រូវ​បាន​គេ​ដុតឆេះ​ហ៊ុយជុកមិន​ខាន​ឡើយ និយាយ​ឲ្យខ្លីគឺងាប់ ហើយ​មនុស្ស​ប្រភេទ​នេះគឺ​គេ​រាប់​ថា​អ្នក​ប្រមឹក​នេះ​ឯង គេ​សង្កេត​និង​ស្គាល់​មនុស្ស​ប្រភេទនេះត្រង់​​ធំក្លិន​ល្មុត​ទុំ​ខួប​ប្រាំង​ខួប​វស្សា។

ការ​រងគ្រោះ​ដោយ​ប្រយោល គឺ​សំដៅ​ទៅលើ​​ជនរងគ្រោះជា​សាច់​ញាតិ មាន​មាតា​បិតា ប្តីឬប្រពន្ធ​កូន ​ដែល​ត្រូវ​​​ជន​ប្រមឹក​ទាំង​នោះវាយ​ធ្វើ​បាបព្រោះផឹក​ចំ​ស្រាត្រាំឆ្អឹង​​ខ្លា ដែល​អា​ចរងគ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏មាន​។ មួយ​វិញទៀត​បើ​ជន​ប្រមឹក​ទាំង​នោះបើកបរ គឺ​ងាយ​នឹង​បង្ករ​គ្រោះ​ថ្នាក់​ដល់បុគ្គល​នោះផង ព្រម​ទាំង​អ្នក​រួម​ដំណើរ​តាម​ផ្លូវ​ជាមួយ​ផង។ ដូច្នេះ​ចូរ​យើង​ដើរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ជនទាំង​នោះ ទើប​សុខសាន្ត។

“ស្រា​ជា​និមិត្តរូប​នៃ​ភាព​ជោគជ័យ”

ត្បិត​បើ​ស្រា​ពិត​ជា​បង្ករ​ការ​ស្មុគស្មាញ​បែប​នេះ​មែនហើយ តែ​សេចក្តី​អាក្រក់​ក៏អាច​ប្រែ​ជា​សេចក្តីល្អបាន​ផងដែរ។ ជាក់​ស្តែង​ក្នុង​សង្គម​ជំនួញ​បច្ចុប្បន្ន អ្នក​រកស៊ី​ជា​ច្រើន​បាន​យក​ស្រា​ធ្វើ​ជា​ទីប្រឹក្សាផង ឬធ្វើ​ជា​មន្រ្តី​ទូតផង ដើម្បី​ផ្សាភ្ជាប់​​ជាមួយ​ដៃគូរ​ជំនួញ​របស់​គេ។ អ្នក​ជំនួញ​ទាំង​ធំ​ទាំង​តូច​ បាន​បង្កើត​ឱកាស​​​ដោយ​យក​ស្រា​ធ្វើជា​លេស៍​ដើម្បី​បាន​ជួបជុំ ពិភាក្សា​ការងាររកស៊ី​របស់​ពួកគេ។ ហើយ​នៅពេល​ជំនួញ​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ ពួក​គេ​ក៏បាន​បង្កើត​ពិធី​ជប់លៀង​ផ្សេងៗដោយ​មា​នស្រា​ ហើយ​ផឹក​អបអរ​សារទ។

“ស្រា​ក៏​ជា​និមិត្តរូប​នៃ​មិត្តភាព និង​សាមគ្គី”

ពាក្យស្លោក​មួយ​ពោលថា “មាន​ស្រា​មានមិត្ត”។ ស្រា​បា​ន​ដើរ​តួរនាទី​សំខាន់មួយ​ទៀត​ផងដែរ ក្នុង​ការ​ផ្សាភ្ជាប់​មិត្តភាព​របស់​ក្រុម​មនុស្ស។ ខ្ញុំ​មាន​មិត្ត​ជិតស្និត ស្គាល់ចិត្ត​ក៏​ដោយ​សារស្រា​នេះ​ដែរ។ ពួក​យើង​យក​ស្រា​គឺ​ជា​លេស៍​បង្កើត​ឲ្យ​មាន​ពិធីជួបជុំ វា​ជា​ស្ពាន​ឲ្យ​ពួក​យើង​ស្គាល់គ្នា​ បាន​ជជែកគ្នា​ សួរសុខទុក្ខគ្នា និង​ចែក​រំលែក​បទពិសោធ។ ការ​ពិត​ទៅ ​គ្មាន​ស្រា ក៏អា​ចជួបជុំជជែកគ្នា​បាន​ដែរ​ ក៏​ប៉ុន្តែស្ថានភាព និងបរិយាកាស​វា​ពិត​ជា​ខុសគ្នា។ បើ​អ្នក​សួរ​ខ្ញុំ​ថា​ខុស​គ្នា​ត្រង់​ណា ខ្ញុំក៏មិន​អា​ច​ឆ្លើយ​បាន​ដែរ តែ​និយាយ​ឲ្យខ្លី គឺចំណូលចិត្ត​មនុស្ស​ខុសៗគ្នា។ សម្រាប់ខ្ញុំ ស្រា​បាន​ធ្វើឲ្យ​ខ្ញុំ​រកឃើញ​ក្រុម​មនុស្ស​ដែល​មាន​ចំណូលចិត្ត និង​​គោលគំនិត​ដូចគ្នា។ ​ពាក្យ​ស្លោក​មួយពោល​​ថា “ស្រាឆ្ងាញ់ សមនឹង​អ្នក​ក្លាហាន” “ស្រាឆ្ងាញ់​បាន​អ្នក​ក្លាហាន​ផឹក​ គឺ​ជា​សំណាង​របស់​ស្រាហើយ”។

“ស្រាក៏​ជាទីប្រឹក្សា​ផ្លូវចិត្ត”

មិន​ថា​កុន ឬ​ក្រៅ​ឆាក​នោះទេ មាន​ពេល​ខ្លះ​ស្រា​បាន​ក្លាយ​ទៅ​ជា​មិត្ត​ដ៏យល់ចិត្ត​របស់​មនុស្ស​ខូច​ចិត្ត​ទាំង​ឡាយ។ ស្រា​បាន​លួង​លោម​គេ​បាន​មួយ​ចំនួនផង​ដែរ ទោះតិច​ឬ​ច្រើន​ដើម្បី​ឲ្យ​គេ​កាត់ចិត្តពី​សេចក្តី​ស្នេហា ភាព​បរាជ័យ​។ ផឹក​ដើម្បី​បំភ្លេច​ ផឹក​ដើម្បី​ដក​ក្តី​ស្រឡាញ់ ផឹក​ដើម្បី​ក្លាយ​ជាមនុស្ស​ថ្មី ផឹក​ដើម្បី​ពង្រឹង​ភាព​ក្លាហាន ផឹក​រួចហើយ​ត្រូវ​ក្រោកឈរ​..។

“ស្រា​ក៏​ជា​ថ្នាំពេទ្យ”

តាម​រយៈ​​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត ស្រា​​មិន​ត្រឹម​តែ​​មាន​ឱជារស​ឆ្ងាញ់​ពិសារ​ប៉ុណ្នោះ​ទេ ស្រា​ជា​ច្រើន​ប្រភេទ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ថ្នាំព្យា​បាល​ជម្ងឺ​​បាន​ផងដែរ។ ​មិន​មើល​រំលង តាំង​ពី​បុរាណ​កាល​មក ​ខ្មែរ​យើង​ក៏មាន​ទម្លាប់​ត្រាំ​ស្រា​ថ្នាំ​ផ្សេង​ៗ​ដែរ ដើម្បី​ព្យាបាល​ជម្ងឺ មាន​ស្រា​ថ្នាំ​បុរាណ ឬសឈើ សំបក​ឈើ ស្លឺកឈើ​ និង​ឆ្អឹង​សត្វ​នានា។ ហើយ​ពួក​អឺរ៉ុប​បាន​ប្រើ​ស្រា​ដើម្បី​កម្តៅពោះមុន​ចូល​ដំណេកត្បិត​ស្រុកគេ​ត្រជាក់។

។ល។

ប្រិយ​មិត្ត​អ្នក​អាន​ជា​ទី​មេត្រី! តាម​រយៈ​ការ​រៀប​រាប់​ត្រួសៗមក​ខាង​លើ លោកអ្នក​ពិត​ជា​បាន​ជ្រាបហើយ​មែនទេ ថាអត្ថន័យ និងឥទ្ធិពល​ស្រា មិន​មែន​អាក្រក់​តែ​រហូត​នោះ​ទេ។

អ្វី​ក៏ដោយតែ​ង​តែ​មាន​គុណសម្បត្តិ​និង​គុណ​វិបត្តិ​​ ឲ្យ​តែ​យើង​ចេះ​បែងចែក​ ប្រើប្រាស់ និង​​មើល​ក្នុង​សេចក្តី​ល្អ នោះ​យើង​នឹង​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន​អំពីវា។

តើ​អ្នក​យល់យ៉ាង​ណា​ដែរ​អំពី​ស្រា?

Advertisements
  1. #1 by ទឹម បឿន on ខែវិច្ឆិកា 29, 2011 - 10:54 ព្រឹក

    តាមពិត ស្រា​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត ។ ក្នុង​ស្រាបៀ មាន​វីតាមីន​ជា​ច្រើន ប៉ុន្តែ​ផល​ប៉ះពាល់​របស់​វា បណ្ដាល​ឲ្យ​វីតាមីន​ទាំង​នោះ​ទៅ​ជា​ឥត​ប្រយោជន៍, អ្នក​ផឹក​​កើត​សេចក្ដី​​​​វង្វេង​ស្មារតី, បាត់បង់​សតិ ។ ទៅ​អនាគត​ជាតិ មនុស្ស​ដែល​ខូច​សីល​ផឹក​ស្រា​នេះ នឹង​កើត​ទៅ​ជា​មនុស្ស​ដែល​មាន​សតិ​ខ្សោយ ឬ​បើ​ធ្ងន់ធ្ងរ នឹង​កើត​ទៅ​ជា​មនុស្ស​ឆ្កួត ។ ​ក្នុង​បច្ចុប្បន្ន​ជាតិ ស្រា​នឹង​បំផ្លាញ​ទ្រព្យ​សម្បត្តិ កិត្តិយស និង​ការគោរព​អំពី​អ្នក​ដទៃ ។

    ចំណុច​ល្អ​របស់​វា ដូច​ឧត្ដម​រៀបរាប់​ហ្នឹង​ហើយ ប៉ុន្តែ​វា​ជា​សេចក្ដី​ល្អ​ដែល​យើង​មើល​ឃើញ​ពី​ខាង​ក្រៅ ដែល​យើង​គ្រាន់តែ​គិត​​យ៉ាង​ហ្នឹង​ថា​​ល្អ បើ​តាម​សច្ចធម៌ ស្រា​ជា​គ្រឿង​អាក្រក់ មិន​មាន​សេចក្ដី​ល្អ​សោះ​ឡើយ ។

    ស្រា​ជា​ដើម​ហេតុ​ធំ​មួយ​បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម បើ​គ្មាន​ស្រា​មួយ មនុស្ស​នឹង​មាន​សេចក្ដី​សុខ​យ៉ាង​ច្រើន​ក្រៃលែង ។ មនុស្ស​ដែល​មិន​ផឹក​ស្រា​​ក៏​លែង​មាន​ជំងឺ ឬ​គ្រោះថ្នាក់​ដោយសារ​ស្រា ។

    ក្នុង​សង្គមជាតិ​ដែល​មិន​មាន​ប្រជាពលរដ្ឋ​ផឹក​ស្រា​ច្រើន សង្គម​នោះ​ក៏​រីកចម្រើន​រុងរឿង ព្រោះ​ប្រាក់​ចំណូល​ដែល​បាន​មក ក៏​មិន​ចំណាយ​ទៅ​លើ​ស្រា ឬ​គ្រឿង​ក្លែម ។ គេ​ក៏​សល់​ពេលវេលា​អំពី​ការជួបជុំ​ផឹកស្រា​នោះ​មក​ប្រកប​កិច្ចការ​ផ្សេងៗ បាន​ជា​ប្រយោជន៍​ជា​ច្រើន ។ល។

    • #2 by ឧត្តម on ខែវិច្ឆិកា 29, 2011 - 4:49 ល្ងាច

      វាពិត​ជា​ត្រូវ​មែនហើយបង! ខ្ញុំ​សរសេរ​អត្ថបទ​​នេះ មិនមែន​គាំទ្រស្រាទេ គ្រាន់តែ​ឲ្យមនុស្ស​ចេះ​ប្រៀបធៀប ដូចជាព្រះអាទិត្យពិតជាក្តៅមែនហើយ មនុស្សជា​ច្រើនស្អប់កម្តៅព្រះអាទិត្យ​ តែ​ភាព​អស្ចារ្យនៃ​ពន្លឺនឹងកម្តៅព្រះអាទិត្យ​ក៏មាន​ច្រើន​ឥតគណនា​ដែរ។ មនុស្សជាច្រើន​ស្អប់រដូវភ្លៀង តែ​​ភ្លៀង​ក៏​បាន​ផ្តល់​នូវ​រឿងល្អៗ​ជា​ច្រើន​ទៀត​ដល់ផែនដី។ ថាមពល​បរិមាណូ​បាន​មានគ្រោះថ្នាក់​ដល់មនុស្ស​សត្វ​ពិត​ប្រាកដមែន ក៏វា​បាន​ផ្តល់​ផលប្រយោជ៍ជាថាមពល​មហាសាល​ដល់មនុស្ស​ផងដែរ។ គ្មាន​អ្វី​ដែល​អាក្រក់មិន​អាច​ប្រែជា​ល្អនោះទេ ហើយ​ក៏គ្មាន​អ្វីល្អជាទៀងទាត់​រហូត​ដែរ។ សំខាន់លើការគិត ការ​ប្រើប្រាស់ ក្នុង​សេចក្តីល្អ។

      • #3 by ប្រាថ្នា on ខែមករា 4, 2012 - 4:00 ល្ងាច

        បើអញ្ជឹមិនផឹកវា​៤២ម៉ោង រាល់ថ្ងៃទៅបើវាមានប្រយោជន៍​ច្រើននោះ

  2. #5 by វិទ្យា on ខែវិច្ឆិកា 29, 2011 - 11:16 ព្រឹក

    សរសេរបានល្អ និង ក្បោះក្បាយមែន សូមសរសើរ

  3. #6 by ក្មេងស្រែ on ខែវិច្ឆិកា 29, 2011 - 11:33 ព្រឹក

    LIKE

  4. #7 by Ah Pov on ខែវិច្ឆិកា 29, 2011 - 12:15 ល្ងាច

    អ្វី​ៗ​តែង​តែ​មាន​មុខ​ពីរ ចំពោះ​ខ្ញុំ​ ស្រា​ជា​ថ្នាំ​ងងុយ​ដេក​ដ៏​គាប់​ប្រសើរ បើ​ស្រវឹង​ហើយ កន្លែង​ណាក៏​ដេក​ដែរ… ឡៗៗ… ជ្រូក!

    • #8 by ប្រាថ្នា on ខែមករា 4, 2012 - 3:57 ល្ងាច

      ដេកតាមថ្នល់អាប់មុខកូនខ្មែ ត្រូវគេដេញដូចសត្វ…………….តាមអ្នកគិត

  5. #9 by enana88 on ខែវិច្ឆិកា 29, 2011 - 1:16 ល្ងាច

    បើគេ​សួរថា​ពេល​ជុំ​គ្នា​ផឹក​ស្រា និងមិនផឹកស្រាខុសគ្នា​ត្រង់​ណា​? ញ៉ុមសុំឆ្លើយ​ថា៖ ពេលមានជាតិស្រាបន្តិចក្នុងខ្លួន​ធ្វើឲ្យពាក្យពេជន៏​ទាំងឡាយមានសភាពរលូន និយាយឆាប់​ស៊ីចង្វាក់ ពេលខ្លះ​ញ៉ុមរកនឹកបណ្តើរ យកស្រាមកដាក់​ផ្អឹបជាប់​មាត់បណ្តើរ ពេលខ្លះបរិយាកាសតានតឹន ក៏ក្លែងធ្វើជាលើកដាច់ទាំងអស់គ្នាទៅ…

    • #10 by ឧត្តម on ខែវិច្ឆិកា 29, 2011 - 4:43 ល្ងាច

      មិនត្រឹម​ប៉ុណ្នឹងទេ! ស្រាខ្លះផឹកហើយមានរង្វាន់ថែមទៀតផង! 😆

      • #11 by ប្រាថ្នា on ខែមករា 4, 2012 - 3:50 ល្ងាច

        មូលហេតុអ្វីបានជានមុស្សស្លាប់ដោយស្រាមានចុះផ្សាយតាមកាសែត TV radio រាល់ថ្ងៃ

    • #12 by ប្រាថ្នា on ខែមករា 4, 2012 - 3:54 ល្ងាច

      មិនត្រូវទេ ហេតុអ្វី ប្រធាបក្រុមហ៊ុន ពិធីកវិទ្យុ គេមិនចាំបាចផឹកស្រា អាចនិយាយបានល្អ នៅពេល មានកម្មវិធី

  6. #13 by តា ម៉ាប់ on ខែវិច្ឆិកា 29, 2011 - 2:01 ល្ងាច

    សុរា​ឈាម​សត្វ​ប្រាំ បក្សា​បក្សី ខ្លា ពស់ ជ្រូក ឆ្កែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: