បងខកសន្យា

I-ថ្ងៃរះផុតទៅ អូននៅម្នាក់ឯង ផ្ទៀងស្តាប់សម្លេង ទូរស័ព្ទបងហៅ
ដែលបានសន្យា ថាមកយកពៅ ទៅវត្តឯក្រៅ ភូមិយើងធ្វើបុណ្យ។

II-ម៉ោងជិតប្រាំបី ទៅហើយជីវ៉ា មិនឃើញរៀមរា ឲ្យខុសបំណង
បងខកសន្យា ឬគេចាប់ចង មិនឲ្យស្នេហ៏ស្នង មកទទួលស្រី។

R-ខែចែត្រចូលឆ្នាំ ម៉ែផ្តាំទុកមុន ទៅវត្តធ្វើបុណ្យ ជាមួយប្រុសថ្លៃ
ពូនខ្សាច់ស្រង់ព្រះ សុំសុខសួស្តី មុនថ្ងៃសិរី ជ័យយើងមកដល់។

III-ចូលឆ្នាំបណ្តាំ ចាស់ៗលោកប្រាប់ ចូរចាំត្រាប់ស្តាប់ អស់ញាតិប្អូនបង
ទៅវត្តធ្វើបុណ្យ ចម្រើនកុសល ព្រលប់មកដល់ នាំគ្នារាំលេង។

  1. #1 by ព្រឹក្សា on ខែ​មេសា 5, 2012 - 1:10 ល្ងាច

    បង អត្ថបទសិល្បៈនេះមានអត្ថរស អត្ថរូប ខ្លឹមសារល្អណាស់បង ។ បងពូកែតាក់តែងណាស់ ។ ប្អូនសូមរៀនពីបង ដែរ ហើយ ។ តើបងអនុញ្ញាតដែរប្ញទេ?
    ពីប្អូន ព្រឹក្សា !

    • #2 by តៀមកាហ្វេ on ខែ​មេសា 5, 2012 - 3:40 ល្ងាច

      អូ! អរគុណដែលសរសើរ! ខ្ញុំអត់ចេះអីទេ ចេះតែសរសេរ រកនឹកចុងជួនលេងទេ! ទំនុកកំណាព្យនេះ មិនដឹងពាក្យ៤ ឬ៨ឲ្យត្រូវផងទេ។ ខ្ញុំចេះតែសរសេរ និងរៀនសរសេរតាមដែលអ្វីដែលអ្នកនិពន្ធពីដើមជ្រើសរើសយកទៅសរសេរជាទំនុកច្រៀង ព្រឹក្សាអាចស្រម៉ៃយកទៅច្រៀងតាមទំនុកភ្លេងនៃបទរាំវង់ ដូចជាអង្គុញកើយបី ឬបទសម័យដូចជាបទ ចំប៉ីសៀមរាប ចំប៉ាបាត់ដំបង ឬបទពីដើមណាមួយ ក៏ត្រូវស្ទើរទាំងអស់ ព្រោះអ្នកនិពន្ធពីដើមតែងទំនុកច្រៀងដោយនិយមមេសូត្រពាក្យ៤ និងពាក្យ៨ណាស់។ តែទំនុកដែលខ្ញុំសរសេរនេះមិនគ្រប់មួយបទទេ បានតែតិចហ្នឹង ខំរកនឹកចុងជួនទម្រាំត្រូវ!

      • #3 by ព្រឹក្សា on ខែ​មេសា 5, 2012 - 8:31 ល្ងាច

        អរគុណដល់បង​ដែលខិតខំសរសេរឆ្លើយតបមកព្រឹក្សា
        ពិសេសស បងបានបង្ហាញពីលំនាំបទ ស្ទីល (រចនាបទ) នៃទំនុកច្រៀងពីសម័យសង្គមចាស់​ដែលព្រឹក្សា ចូលចិត្តដូចបងដែរ ។​បងពិតជាមានចំណង់ចំណូលចិត្តដូចព្រឹក្សា ។

        សង្ឃឹមថា​ បងពិតជាឆ្លងឆ្លើយតាមសារជាមួយ​ប្អូនជាបន្តបន្ទាប់ជាមិនខានឡើយ ។

        ពីប្អូន ព្រឹក្សា​ !

      • #4 by ព្រឹក្សា on ខែ​មេសា 6, 2012 - 6:51 ព្រឹក

        បង !
        ប្អូនពេញចិត្តនឹងវីគីភេឌារបស់បង ។

        ប្អូនអាចសុំលេខកូដនៃវីគីភេឌាយកមកដាក់ក្នុងប្លក់​របស់ប្អូនបានដែរប្ញទេ បង ?
        សង្ឃឹមថា​បង មិនកំណាញ់ទេ បងពិតជាផ្ញើមក​ប្អូនដែលជាអ្នកមិនទាន់ចេះពីប្លកនៅឡើយ នៅមាន​ការខ្វះខាត ។

        • #5 by តៀមកាហ្វេ on ខែ​មេសា 6, 2012 - 8:04 ព្រឹក

          អ្វីដែលឆ្លើយបាន គឺមិនកំណាញ់ទេ។ រូបវីគីហ្នឹង អត់មានកូតទេ គឺជារូបភាព *gif ទើបវាមានចលនា។ បើចង់​បាន ម៉ៅស្តាំលើរូប save as ទាញយកទៅប្រើទៅបានហើយណា!

បញ្ចេញមតិ